អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃអង្គារ (១៩ សីហា) ថា សហរដ្ឋអាមេរិក កំពុងបន្តពិភាក្សាលើសំណើបទឈប់បាញ់សម្រាប់ការផ្អាកប្រយុទ្ធរយៈពេល ៦០ថ្ងៃ នៅក្នុងតំបន់ហ្កហ្សាស្រ្ទីប រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក្នុងអ្វីដែលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបានទទួលយករួចទៅហើយ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯសេតវិមាន លោកស្រី Leavitt បានលើកឡើងថា៖ ប្រហែលមិនមែនជារឿងចៃដន្យទេដែលក្រុមហាម៉ាសបានទទួលយកសំណើនេះ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះសេចក្តីថ្លែងការណ៍ដ៏ម៉ឺងម៉ាត់មួយអំពីជម្លោះនេះនៅលើ Truth Social កាលពីថ្ងៃចន្ទ។
ប្រទេសកាតា កាលពីថ្ងៃអង្គារ ក៏បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃការសម្រេចកិច្ចព្រមព្រៀងបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីក្រុមហាម៉ាស បានបង្ហាញពី "ការឆ្លើយតបជាវិជ្ជមាន" របស់ខ្លួនចំពោះសំណើចុងក្រោយបំផុតពីបណ្តាប្រទេសអារ៉ាប់ ប៉ុន្តែអ៊ីស្រាអែល នៅមិនទាន់ថ្លឹងថ្លែងរួចនៅឡើយ ខណៈយោធារបស់ខ្លួនរៀបចំការវាយលុកលើតំបន់មួយចំនួនដែលមានប្រជាជនរស់នៅច្រើនបំផុតក្នុងដែនដីហ៊ុព័ទ្ធប៉ាឡេស្ទីនមួយនេះ។
អ៊ីស្រាអែលមិនបានបដិសេធ ឬយល់ព្រមច្បាស់លាស់ទេ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានប្រាប់ទូរទស្សន៍ BBC ថា ខ្លួនមិនចាប់អារម្មណ៍លើកិច្ចព្រមព្រៀងដោយផ្នែកដែលមើលឃើញតែការដោះលែងចំណាប់ថ្នូរមួយចំនួនបែបនេះឡើយ៕

