ការបរាជ័យនៃកិច្ចពិភាក្សារបស់អង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដែលមិនអាចសម្រេចបានសន្ធិសញ្ញាប្លាស្ទិកសកល កាលពីថ្ងៃទី១៥ ខែសីហា បានបង្កើនហានិភ័យថា វិបត្តិបរិស្ថាន និងសុខភាពមនុស្សលោក កាន់តែអាក្រក់ឡើង ដោយសារតែការពន្យារពេលបន្ថែមទៀតនៃការទប់ស្កាត់ការផលិតសម្ភារៈប្លាស្ទិក ក្នុងអ្វីដែលប្រទេសជាច្រើន និងក្រុមបរិស្ថាននិយាយថា ជាតម្រូវជាបន្ទាន់ដើម្បីទប់ទល់វិបត្តិប្លាស្ទិកសកល។

ពិភពលោកសង្ឃឹមថា គណៈប្រតិភូទីក្រុងហ្សឺណេវ នៅទីបំផុតអាចយល់ព្រមលើសន្ធិសញ្ញាមានចំណងផ្លូវច្បាប់មួយ ដើម្បីដោះស្រាយការកើនឡើងនៃបរិមាណសំណល់ប្លាស្ទិក ដែលបង្កបញ្ហាដល់ទន្លេ និងមហាសមុទ្រសកល ស្របពេលអ្នកជំនាញផ្នែកសុខភាពកាន់តែព្រួយបារម្ភលើផលប៉ះពាល់សុខភាពនៃបំណែកមីក្រូប្លាស្ទិក ដែលឥឡូវនេះ ត្រូវបានរកឃើញនៅស្ទើរតែគ្រប់ផ្នែកនៃរាងកាយរបស់មនុស្ស។
កិច្ចពិភាក្សានោះបានដំណើរការយ៉ាងស៊ីជម្រៅដល់ម៉ោងបន្ថែមនៅថ្ងៃទី១៥ ខែសីហា ដែលជាថ្ងៃទី១២ ទៅហើយនៃការចរចា ប៉ុន្តែគណៈប្រតិភូមកពីប្រទេសជាង១៨០ នៅតែមិនអាចដោះស្រាយការខ្វែងគំនិតគ្នាបានលើវិសាលភាពនៃសន្ធិសញ្ញានោះ ដែលនាំទៅដល់ការបរាជ័យដ៏ចម្រូងចម្រាស។
ជំហានបន្ទាប់នៅតែមិនច្បាស់លាស់ ដោយប្រធានកិច្ចចរចា លោក Luis Vayas Valdivieso មកពីប្រទេសអេក្វាឌ័រ បានពន្យារពេលសម័យប្រជុំ ដោយសន្យាថានឹងបន្តកិច្ចចរចាឡើងវិញនៅកាលបរិច្ឆេទដែលមិនបានបញ្ជាក់។ សម័យប្រជុំណាមួយបន្ថែមទៀតក៏ប្រឈមនឹងភាពជាប់គាំងដដែលនេះ ហើយអ្នកចូលរួមអំពាវនាវឱ្យគិតឡើងវិញពីមធ្យោបាយដែលការចរចាអាចជោគជ័យនាពេលអនាគត៕

