ប្រមុខកិច្ចការបរទេសរបស់ប្រទេសស៊ីរី លោក Assad Hassan al-Shibani បានជួបជាមួយគណៈប្រតិភូអ៊ីស្រាអែល នៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង និងពង្រឹងស្ថិរភាព នៅភាគខាងត្បូងប្រទេសស៊ីរី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA របស់ប្រទេសស៊ីរី។

សារព័ត៌មាន SANA បានរាយការណ៍ថា លោក Al-Shibani និងគណៈប្រតិភូអ៊ីស្រាអែល បានផ្តោតទៅលើការបន្ថយការកើនឡើងភាពតានតឹង ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសស៊ីរី និងការស្តារឡើងវិញនូវកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ឆ្នាំ ១៩៧៤ ដែលបានគ្រប់គ្រងព្រំដែន អស់ជាច្រើនទសវត្សរ៍ ដោយបន្ថែមថា កិច្ចពិភាក្សារបស់ពួកគេ ក៏បានគ្របដណ្តប់លើមធ្យោបាយ ដើម្បីតាមដានបទឈប់បាញ់នៅក្នុងខេត្ត Sweida ជាកន្លែងដែលភាពតានតឹងបានផ្ទុះឡើង នៅក្នុងប្រទេសនេះ។

កិច្ចប្រជុំដែលធ្វើឡើងក្រោមការសម្របសម្រួលរបស់សហរដ្ឋអាមេរិក គឺជាផ្នែកមួយនៃការជំរុញការទូតកាន់តែទូលំទូលាយ ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសស៊ីរី និងលើកកម្ពស់សន្តិសុខក្នុងតំបន់។ នេះបើយោងតាម SANA។
កាលពីដើមខែនេះ លោក Al-Shibani បានជួបប្រជុំគ្នានៅទីក្រុងអាម៉ាន(Amman) ជាមួយរដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi និងបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅស៊ីរី លោក Thomas Barrack។ លោកទាំងបី បានយល់ព្រមបង្កើតក្រុមការងារស៊ីរី-ហ្សកដានី-អាមេរិក ដែលមានគោលបំណងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងដាម៉ាស ដើម្បីរក្សាបទឈប់បាញ់ខេត្ត Sweida និងធ្វើការឆ្ពោះទៅរកដំណោះស្រាយគ្រប់ជ្រុងជ្រោយមួយចំពោះវិបត្តិរបស់ប្រទេសស៊ីរី។ នេះបើយោងតាមរបាយការណ៍។
នៅក្នុងខែធ្នូ បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក បាសា អាល់អាសាដ (Bashar al-Assad) អ៊ីស្រាអែល បានដាក់ពង្រាយកងកម្លាំងដីចូលទៅក្នុងតំបន់ទ្រនាប់នៃប្រទេសទាំងពីរ ដែលជាតំបន់គ្មានយោធា ស្ថិតនៅចន្លោះតំបន់ខ្ពង់រាប Golan Heights ដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងស៊ីរី។