ជប៉ុន៖ រដ្ឋាភិបាលជប៉ុនមានផែនការនឹងប្រកាសពីស្ថានភាពរដ្ឋក្នុងគ្រាអាសន្ន សម្រាប់ករណីឆ្លងវីរុស COVID-19 នៅខេត្តចំនួន ១៣បន្ថែមទៀតរួមទាំងក្រុងតូក្យូ ដើម្បីផ្តល់អំណាចដល់អភិបាលខេត្តក្នុងការបង្កើនវិធានការទប់ស្កាត់វីរុសឆ្លង។ ករណីឆ្លងវីរុសកូរ៉ូណាថ្មីៗបានឡើងដល់ ៣ម៉ឺនករណីនៅទូទាំងប្រទេសជាលើកដំបូងកាលពីថ្ងៃអង្គារ ដែលលើសពីកម្រិតខ្ពស់ពីមុនប្រមាណ ២៦,០០០ករណីកាលពីក្នុងខែសីហា ឆ្នាំ២០២១ នៅពេលដែលរលកទី៥ នៃករណីឆ្លងបានឈានដល់កម្រិតកំពូល។

នាយករដ្ឋមន្ត្រីលោក Kishida Fumio និងរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីដែលពាក់ព័ន្ធបានយល់ព្រមថា ទីក្រុងតូក្យូ និងខេត្តជិតខាងចំនួនបីរបស់ទីក្រុង និងខេត្តចំនួន ៩ផ្សេងទៀតនឹងត្រូវដាក់ឱ្យស្ថិតនៅក្រោមស្ថានភាពរដ្ឋក្នុងគ្រាអាសន្នចាប់ពីថ្ងៃទី២១ ខែមករាដល់ថ្ងៃទី១៣ ខែកុម្ភៈ។ ក្រោយមកលោក Kishida បាននិយាយថា រដ្ឋាភិបាលនឹងផ្តល់សំណើរបស់អភិបាលខេត្តសម្រាប់វិធានការគ្រាអាសន្ន ខណៈសកម្មភាពផ្តោតសំខាន់ចាំបាច់ដើម្បីទប់ស្កាត់ករណីឆ្លង។ លោកបាននិយាយថា រដ្ឋាភិបាលនឹងផ្អាកជាបណ្ដោះអាសន្ននូវកម្មវិធីនៃការប្រើប្រាស់កំណត់ត្រាវ៉ាក់សាំង និងភស្តុតាងនៃលទ្ធផលតេស្តអវិជ្ជមានដើម្បីបន្ធូរបន្ថយវិធានការរឹតត្បិតសង្គម។ លោកបានលើកយករបាយការណ៍ដែលនិយាយថា មនុស្សជាច្រើនអាចឆ្លងវីរុសបម្លែងខ្លួនថ្មី Omicron ទោះបីជាពួកគេបានចាក់វ៉ាក់សាំងពេញលេញក៏ដោយ។ ប៉ុន្តែលោកបាននិយាយថា អភិបាលខេត្តអាចសម្រេចចិត្តរៀងៗខ្លួនថា តើត្រូវបន្តកម្មវិធីនេះឬយ៉ាងណា៕
អត្ថបទ៖ ប៊ុនថន