លោកគ្រូ អ្នកគ្រូវិទ្យាល័យស្វាយរៀងក្រុង និងខេត្តស្វាយរៀង ដឹកនាំដោយលោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀង នៅពាក់កណ្ដាលខែសីហា ឆ្នាំ២០២៥នេះ បានបន្តនាំយកគ្រឿងឧបភោគបរិភោគរបស់ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត សាស្ត្រចារ្យ លោកគ្រូ អ្នកគ្រូ និងមិត្តរួមជំនាន់ឆ្នាំ១៩៨៧-១៩៩០ ទៅ ផ្តល់ជូនវីរកងទ័ពឈរជើងតំបន់មួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យព្រំដែនកម្ពុជា-ថៃ។
នៅគ្រប់កន្លែងឈរជើងរបស់វីរកងទ័ពឈរជើង ដែលប្រតិភូ គ្រូបង្រៀនអញ្ជើញដល់ ក្នុងនាមសាស្ត្រាចារ្យលោកគ្រូ អ្នកគ្រូ លោក យស់ ពៅ បានមានប្រសាសន៍សំណេះសំណាល ដោយនាំមកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមគណៈអភិបាលខេត្តជូនចំពោះវីរកងទ័ពទាំងអស់ដែលឈរជើងការពារបូរណភាពទឹកដីនៅក្នុងភូមិសាស្ត្រដោយក្តីនឹករលឹក។
លោក យស់ ពៅ ក៏បានសំដែងនូវការកោតសរសើរខ្ពស់ចំពោះវីរកងទ័ពទាំងអស់ដែលបានប្រយុទ្ធប្រឆាំងតតាំងការពារទឹកដីយ៉ាងអង់អាចក្លាហានដើម្បីរក្សាបានបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យមានសន្តិភាព។ លោក យស់ ពៅ បានបញ្ជាក់បន្ថែមថា រាល់គំរូវីរភាពរបស់វីរកងទ័ព ក្នុងនាមសាស្ត្រាចារ្យ លោកគ្រូអ្នកគ្រូ សូមចងចាំ នៅក្នុងក្រអៅបេះដូង និងសូមលំអោនកាយគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនវីរៈយុទ្ធនារីដែលបានបូជាអាយុជីវិតក្នុងបុព្វហេតុការពារទឹកដីដ៏ពិសិដ្ឋនេះ៕



