ទិន្នន័យផ្លូវការ នៅថ្ងៃពុធ (ទី២០ ខែសីហា) នេះ បានបង្ហាញថា ការនាំចេញរបស់ជប៉ុន បានធ្លាក់ចុះខ្លាំងបំផុតជាលើកដំបូង ក្នុងរយៈពេលជាង ៤ឆ្នាំ កាលពីខែមុន ខណៈដែលពន្ធដែលដាក់ដោយប្រធានាធិបតីអាមេរិក លោក Donald Trump បានចាប់ផ្ដើមមានប្រសិទ្ធភាព។
ទិន្នន័យរបស់ក្រសួងហិរញ្ញវត្ថុ បានបង្ហាញថា ក្នុងខែកក្កដា ការធ្លាក់ចុះ ២,៦ភាគរយ បើធៀបនឹងឆ្នាំមុន រួមមានការថយចុះ ១០,១ភាគរយនៅក្នុងការនាំចេញទៅកាន់សហរដ្ឋអាមេរិក។ ការនាំចេញយានយន្តរបស់ប្រទេសជប៉ុន ដូចជារថយន្តគ្រួសារ រថយន្តក្រុង និងរថយន្តដឹកទំនិញ ទៅកាន់ប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់ពិភពលោក បានធ្លាក់ចុះ ២៨,៤ភាគរយ ខណៈដែលការនាំចេញគ្រឿងបន្លាស់រថយន្ត បានធ្លាក់ចុះ ១៧,៤ភាគរយ។

លោក Trump បានដាក់ពន្ធនាំចូលយ៉ាងខ្ពស់លើបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោក ជាការប៉ុនប៉ងជំរុញការផលិតរបស់សហរដ្ឋអាមេរិក និងកាត់បន្ថយឱនភាពពាណិជ្ជកម្មដ៏ធំរបស់សហរដ្ឋអាមេរិក។ ចំពោះសម្ព័ន្ធមិត្តជិតស្និទ្ធ គឺជប៉ុន លោក Trump ដំបូងឡើយ បានដាក់អត្រាពន្ធលើទំនិញទូទៅចំនួន ១០ភាគរយ ព្រមទាំងដំឡើងពន្ធលើរថយន្ត ២៧,៥ភាគរយ។
ឧស្សាហកម្មរថយន្តរបស់ប្រទេសជប៉ុន ដែលរួមមានក្រុមហ៊ុនយក្ស ដូចជា Toyota និង Honda មានចំនួនប្រហែល ៨ភាគរយនៃការងាររបស់ប្រទេស។ កាលពីខែមុន ជប៉ុនបានទទួលបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលបានកាត់បន្ថយពន្ធបដិការពី ២៥ភាគរយ មកត្រឹម ១៥ភាគរយ។
ទិន្នន័យកាលពីសប្តាហ៍មុន បានបង្ហាញថា សេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោក ទទួលបានកំណើនប្រចាំឆ្នាំល្អប្រសើរជាងការរំពឹងទុកចំនួន ១,០ភាគរយ នៅក្នុងត្រីមាសទី២៕

