វាយកូនបាល់៖ កីឡាករវាយកូនបាល់ស្កុតឡេន Andy Murray បានបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Grand Slam, Australian Open ដែលអវត្តមានតាំងពីឆ្នាំ២០១៩ ជាមួយនឹងជ័យជំនះលើកីឡាករហ្សកហ្ស៊ី Nikoloz Basilashvili ទាំងលំបាកនៅជុំទី១។ ហ្គេមទី១ ហាក់មិនលំបាកឡើយអតីតកីឡាករលេខ ១ ពិភពលោករូបនេះបានយកឈ្នះត្រឹម ២៣នាទី ៦-១ មុនពេលដែល Basilashvili តាមស្មើវិញ ៦-៣។

កីឡាករទាំងពីរបានយកឈ្នះម្នាក់មួយសិតទៀត ៦-៤ និង ៦-៧(៥-៧) មុនពេលដែលកីឡាករវ័យ ៣៤ឆ្នាំ Andy Murray យកឈ្នះនៅសិតកាត់សេចក្តី ៦-៤។ Andy Murray ដែលធ្លាប់ចាញ់នៅវគ្គផ្តាច់ព្រ័ត្រ Australian Open នេះដល់ទៅ ៥លើកនឹងបន្តជួបជាមួយកីឡាករជប៉ុន Taro Daniel នៅជុំទី២។ ងាកមកកីឡាកររុស្ស៊ី Daniil Medvedev មិនមានបញ្ហាឡើយនៅជុំដំបូងនេះ ក្រោយយកឈ្នះមិនលំបាកលើគូប្រកួតមកពីស្វ៊ីស Henri Laaksonen។ អតីតជើងឯក US Open រូបនេះបានយកឈ្នះការប្រកួតនេះលើ Laaksonen មិនឱ្យតដៃបាន ៣ សិត ០ ពិន្ទុ ៦-១, ៦-៤ និង ៧-៦(៧-៣)។ ជុំទី២ Daniil Medvedev នឹងបន្តជួបជាមួយកីឡាករម្ចាស់ផ្ទះអូស្ត្រាលី Nick Kyrgios ដែលបានយកឈ្នះកីឡាករអង់គ្លេស Liam Broady ៦-៤, ៦-៤ និង ៦-៣៕
អត្ថបទ៖នាង សុភាវុធ