មន្ត្រីរដ្ឋាភិបាលម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួថា គ្រោះទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានហូរបោកបក់ឆ្លងកាត់ទីក្រុងកំពង់ផែ Aden ភាគខាងត្បូងនៃប្រទេសយេម៉ែន កាលពីថ្ងៃអង្គារ ដោយបានបណ្តាលឲ្យមនុស្សចំនួន ១០នាក់ រងរបួស និងខូចខាតសម្ភារៈយ៉ាងច្រើន។
មន្ត្រីរូបនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ភ្លៀងធ្លាក់ខ្លាំង បានជន់លិចសង្កាត់លំនៅឋាន និងលិចផ្ទះសម្បែង និងអាជីវកម្មនានា។ អ្នកស្រុកក្នុងតំបន់ បាននិយាយថា ភ្លៀងក៏បានធ្វើឲ្យចរាចរណ៍មិនដំណើរការ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba បានរាយការណ៍ថា អភិបាលក្រុង Aden លោក Ahmed Hamed Lamlas បានចេញសេចក្តីណែនាំជាបន្ទាន់សម្រាប់អាជ្ញាធរសុខាភិបាល ដើម្បីផ្តល់ការព្យាបាលវេជ្ជសាស្រ្តដ៏ទូលំទូលាយ ដល់ជនរងគ្រោះដោយទឹកជំនន់ ដោយរដ្ឋាភិបាលក្នុងតំបន់ ជាអ្នកចំណាយថវិកា។
មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយម និងប្រកាសអាសន្នដែលដំណើរការដោយរដ្ឋាភិបាល បានព្រមានថា ភ្លៀងនឹងបន្តកើតមាន ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ នៅតំបន់ឆ្នេរភាគខាងកើត និងនិរតី និងនៅតាមឆ្នេរសមុទ្រក្រហម។
មជ្ឈមណ្ឌលនេះ បានណែនាំឲ្យប្រជាពលរដ្ឋ «ប្រុងប្រយ័ត្ន» ជាពិសេសនៅតំបន់ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ជៀសវាងជ្រលងភ្នំ និងផ្លូវទឹកជន់លិច និងជៀសវាងការធ្វើដំណើរនៅលើផ្លូវរអិល និង ភក់។
