WHO៖ អគ្គនាយកអង្គការសុខភាពពិភពលោកបានបង្ហាញពីការព្រួយបារម្ភចំពោះសេវាសុខភាព ខណៈដែលលោកបានព្រមានអំពីវីរុសបម្លែងខ្លួនថ្មី Omicron នៃវីរុសឆ្លង COVID-19 ដែលនៅតែបន្តរាលដាលនៅទូទាំងពិភពលោក។ ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាននិយាយថា មានករណីឆ្លងវីរុស COVID-19 ថ្មីចំនួនជាង ១៨លានករណីត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន។

លោកបាននិយាយថា ចំនួនអ្នកស្លាប់នៅតែមានស្ថិរភាពសម្រាប់ពេលនេះ។ ប៉ុន្តែយើងព្រួយបារម្ភអំពីផលប៉ះពាល់ដែលវីរុសបម្លែងខ្លួនថ្មី Omicron កំពុងមានលើបុគ្គលិកសុខាភិបាលដែលហត់នឿយរួចទៅហើយ និងប្រព័ន្ធសុខាភិបាលដែលហួសពីបន្ទុកសមត្ថភាព។ លោក Tedros បាននិយាយថា ទោះបីជាវីរុសបានលេចចេញនៅក្នុងប្រទេសមួយចំនួន ដែលកម្រិតខ្ពស់នៃរលកវីរុសបម្លែងខ្លួនថ្មី Ormicon បានឆ្លងកាត់រួចក៏ដោយ លោកបានព្រមានថា នៅមិនទាន់មានប្រទេសណាមួយបានរួចផុតនៅឡើយនោះទេ។ លោកបានបង្ហាញការព្រួយបារម្ភចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងបង្ការនៅជុំវិញពិភពលោក និងបានអំពាវនាវឱ្យមានការបែងចែកវ៉ាក់សាំងឱ្យកាន់តែច្រើន។
លោកនិយាយថា លោកមានការព្រួយបារម្ភ ប្រសិនបើយើងមិនផ្លាស់ប្តូរគំរូបច្ចុប្បន្ន យើងនឹងឈានចូលដំណាក់កាលទីពីរ និងជាដំណាក់កាន់តែបំផ្លាញចំពោះភាពមិនស្មើគ្នានៃវ៉ាក់សាំង។ ការអត្ថាធិប្បាយរបស់លោកធ្វើឡើង បន្ទាប់ពីប្រធានផ្នែកសង្គ្រោះបន្ទាន់នៅអង្គការសុខភាពពិភពលោកលោកវេជ្ជបណ្ឌិត Michael Ryan ដែលបាននិយាយកាលពីថ្ងៃអង្គារថា ជំងឺរាតត្បាតដ៏អាក្រក់បំផុតអាចបញ្ចប់នៅឆ្នាំនេះ ប្រសិនបើវិសមភាពនៃការចាក់វ៉ាក់សាំងបង្ការ និងឱសថត្រូវបានដោះស្រាយឆាប់រហ័ស៕
អត្ថបទ៖ ប៊ុនថន