អង្គការគ្រូពេទ្យគ្មានព្រំដែន (MSF) បាននិយាយនៅថ្ងៃពុធនេះ ការវាយប្រហារដោយអាវុធទៅលើមន្ទីរពេទ្យមួយ នៅតំបន់ Darfur ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាមនៃប្រទេសស៊ូដង់ បានសម្លាប់មនុស្សម្នាក់ ដោយបន្ថែមថា ខ្លួនត្រូវបានបង្ខំឲ្យផ្អាកប្រតិបត្តិការ។

អង្គការនេះ បានបន្តថា មនុស្ស ៥នាក់ ក៏បានរងរបួស នៅក្នុងការវាយប្រហារ កាលពីសប្តាហ៍មុន ដែលម្នាក់ក្នុងចំណោមពួកគេ គឺជាបុគ្គលិកសុខាភិបាល ដែលគាំទ្រដោយអង្គការ MSF។
ចាប់តាំងពីសង្រ្គាមរវាងកងទ័ពធម្មតារបស់ប្រទេសស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស បានចាប់ផ្តើម នៅក្នុងខែមេសា ឆ្នាំ ២០២៣ បុគ្គលិកជំនួយជាង ១២០នាក់ ត្រូវបានសម្លាប់។ នេះបើយោងតាមអង្គការសហប្រជាជាតិ។
អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Luca Renda បាននិយាយកាលពីថ្ងៃអង្គារថា៖«តម្រូវការមនុស្សធម៌នៅក្នុងប្រទេសស៊ូដង់ បានឈានដល់កម្រិតដែលមិនធ្លាប់មានពីមុនមក»។
