ប្រទេសអ៊ីរ៉ង់ នៅថ្ងៃពុធ (ទី២០ ខែសីហា) នេះ បានបញ្ជាក់ថា ខ្លួនបានរៀបចំ ដើម្បីទប់ទល់នឹងការវាយប្រហារថ្មីណាមួយពីសំណាក់អ៊ីស្រាអែល ដោយបានប្រកាសថា មីស៊ីលសមត្ថភាពខ្លាំងជាងមុន ដែលត្រូវបានប្រើក្នុងអំឡុងសង្គ្រាម ១២ថ្ងៃ កាលពីថ្មីៗនេះ កំពុងត្រៀមរួចហើយ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Aziz Nassirzadeh ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានប្រាប់ថា៖ «មីស៊ីលដែលប្រើក្នុងសង្គ្រាមរយៈពេល ១២ថ្ងៃ ត្រូវបានផលិត កាលពី ២-៣ឆ្នាំមុន។ ឥឡូវនេះ ពួកយើងបានផលិត និងមាននូវមីស៊ីលសមត្ថភាពខ្លាំងជាងមីស៊ីលមុនៗ ហើយប្រសិនបើសត្រូវ គឺក្រុមគាំទ្រលទ្ធិហ្សាអឺន (អ៊ីស្រាអែល) ចាប់ផ្តើមនូវការវាយប្រហារម្តងទៀត នោះអត់មានអ្វីត្រូវសង្ស័យទេ យើងនឹងប្រើប្រាស់មីស៊ីលទាំងនោះ»។

គួរបញ្ជាក់ថា កាលពីពាក់កណ្តាលខែមិថុនា អ៊ីស្រាអែលបានបើកយុទ្ធនាការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ដោយបង្កឲ្យមានសង្រ្គាមដែលអ៊ីរ៉ង់បានឆ្លើយតបវិញដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូន។ ការវាយលុករបស់អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការយោធាជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងមនុស្សរាប់រយនាក់ផ្សេងទៀត ដោយបានវាយប្រហារទាំងទីតាំងយោធា និងតំបន់លំនៅឋាន។
សហរដ្ឋអាមេរិកបានចូលរួមក្នុងសង្គ្រាមមួយរយៈខ្លី ដោយបើកការវាយប្រហារលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។ កិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល បានកើតឡើង ចាប់តាំងពីថ្ងៃទី២៤ ខែមិថុនា៕

