ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជឿជាក់ថា ទីក្រុងតេអេរ៉ង់ នឹងអាចផលិតអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេលត្រឹមតែ ៤ សប្តាហ៍ ប៉ុន្តែសហរដ្ឋអាមេរិក បានវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយអ្នកកាសែតអាមេរិកលោក Mark Levin ថា៖«ខ្ញុំគិតថា ពួកគេ នឹងមានអាវុធនុយក្លេអ៊ែរ ក្នុងរយៈពេល ៤សប្តាហ៍» ខណៈដែលលោកបានអត្ថាធិប្បាយអំពីការវាយប្រហារកាលពីខែមិថុនា លើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Trump បាននិយាយ ដោយចង់មានន័យថា អាវុធនុយក្លេអ៊ែរ នៅក្នុងដៃរបស់អាជ្ញាធរទីក្រុងតេអេរ៉ង់ស្រាប់ទៅហើយ ហើយ«ពួកគេនឹងប្រើអាវុធទាំងនោះ»។

នៅយប់ថ្ងៃទី ១៣ ខែមិថុនា អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់។ រយៈពេលតិចជាង២៤ ម៉ោងក្រោយមក ទីក្រុងតេអេរ៉ង់ បានវាយប្រហារសងសឹក។ រយៈពេល ៩ថ្ងៃក្រោយមក នៅព្រឹកព្រលឹមថ្ងៃទី ២២ ខែមិថុនា យន្តហោះអាមេរិក បានកំណត់គោលដៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួន ៣ ដោយចូលទៅក្នុងជម្លោះនេះ ប្រកបដោយប្រសិទ្ធភាព។ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ទីក្រុងតេអេរ៉ង់ បានធ្វើការវាយប្រហារដោយមីស៊ីលទៅលើមូលដ្ឋានAl Udeid ដែលជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដែលមានទីតាំងនៅក្នុងប្រទេសកាតា។ បើតាមមន្ត្រីអាមេរិក មិនមានអ្នកស្លាប់ ឬខូចខាតអ្វីគួរឲ្យកត់សម្គាល់។ ក្រោយមក ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា អ៊ីស្រាអែល និងអ៊ីរ៉ង់ បានយល់ព្រមលើបទឈប់បាញ់ទាំងស្រុង។ បទឈប់បាញនេះ បានចូលជាធរមាន នៅថ្ងៃទី ២៤ ខែមិថុនា។
