ក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថា នៅថ្ងៃពុធ (ទី២០ ខែសីហា) នេះ ប្រទេសចិនបានប្រាប់អាហ្វហ្គានីស្ថានថា ទីក្រុងប៉េកាំងមានការចាប់អារម្មណ៍ លើការរុករក និងជីករ៉ែ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយចង់ឲ្យទីក្រុងកាប៊ុលចូលរួមជាផ្លូវការក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួន។
ក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កំពុងបំពេញទស្សនកិច្ចនៅទីក្រុងកាប៊ុល និងបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសស្តីទីអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi ដោយបន្ថែមថា ប្រទេសទាំង២ ចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
បើយោងតាមសេចក្តីថ្លែងការណ៍របស់អាហ្វហ្គានីស្ថាន បានឲ្យដឹងថា លោក Wang បាននិយាយថា ប្រទេសទាំង២ កំពុងធ្វើការរួមគ្នា ដើម្បីលុបបំបាត់ឧបសគ្គនានា ក្នុងពាណិជ្ជកម្មផលិតផលកសិកម្ម និងបង្កើនការនាំចេញរបស់អាហ្វហ្គានីស្ថានទៅកាន់ប្រទេសចិន។
សេចក្ដីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា៖ «លោក Wang Yi ក៏បានលើកឡើងផងដែរថា ប្រទេសចិនមានបំណងផ្តួចផ្តើមសកម្មភាពរុករករ៉ែជាក់ស្តែង នៅឆ្នាំនេះ»។
ទីក្រុងប៉េកាំងមិនទាន់បានចេញសេចក្តីប្រកាស អំពីកិច្ចពិភាក្សានេះនៅឡើយទេ។ ចិន គឺជាប្រទេសដំបូងគេដែលតែងតាំងឯកអគ្គរដ្ឋទូតប្រចាំនៅអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ហើយបានព្យាយាមបង្កើតទំនាក់ទំនងរបស់ខ្លួនជាមួយក្រុមឥស្លាមប្រកាន់តឹងរ៉ឹងមួយនេះ ដែលបានកាន់កាប់ប្រទេសហែកហួរដោយសង្រ្គាម កាលពីឆ្នាំ២០២១៕