រុស្ស៊ី នៅថ្ងៃពុធ (ទី២០ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ការប៉ុនប៉ងដោះស្រាយបញ្ហាសន្តិសុខ ទាក់ទងនឹងអ៊ុយក្រែន ដោយគ្មានការចូលរួមពីទីក្រុងមូស្គូ គឺជា «ផ្លូវមិននាំទៅកាន់ជោគជ័យ»។
រដ្ឋមន្ត្រីការបរទេស លោក Sergei Lavrov បានធ្វើការកត់សម្គាល់បែបនេះ តែ ២ថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានជួបប្រធានាធិបតីអ៊ុយក្រែន និងមេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាអំពីការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ដែលអាចជួយបញ្ចប់សង្រ្គាម។
លោក Lavrov បាននិយាយថា៖ «យើងមិនអាចយល់ស្របជាមួយនឹងការពិត ដែលថា ឥឡូវនេះ វាមានដំណើរការ ដើម្បីដោះស្រាយបញ្ហាសន្តិសុខសមូហភាព ដោយមិនមានសហព័ន្ធរុស្ស៊ី។ ការធ្វើបែបនេះនឹងមិនដំណើរការឡើយ»។
លោកបានបន្ថែមថា៖ «ខ្ញុំប្រាកដថា នៅលោកខាងលិច និងជាពិសេសសហរដ្ឋអាមេរិក ពួកគេយល់យ៉ាងល្អឥតខ្ចោះថា ការពិភាក្សាយ៉ាងម៉ត់ចត់ ស្ដីពីបញ្ហាសន្តិសុខ ដោយគ្មានសហព័ន្ធរុស្ស៊ី គឺជាគំនិតហួសវិស័យ ពោលគឺវាមិនមែនជាផ្លូវនាំទៅកាន់ជោគជ័យឡើយ»៕