ក្រសួងការពារជាតិអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (២០ សីហា) ថា អ៊ីស្រាអែល មានគម្រោងទិញស៊ីទែនដឹកប្រេងតាមអាកាស KC-46 ដែលផលិតដោយក្រុមហ៊ុនប៊ូអ៊ីង ចំនួនពីរគ្រឿង នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ៥០០លានដុល្លារ ដែលនឹងត្រូវផ្តល់ហិរញ្ញប្បទានជាមួយនឹងជំនួយយោធាពីសហរដ្ឋអាមេរិក។

ក្រសួងបន្តថា អ៊ីស្រាអែលនឹងចុះហត្ថលេខាលើកិច្ចសន្យានេះជាមួយរដ្ឋាភិបាលអាមេរិក ភ្លាមៗបន្ទាប់ពីគណៈកម្មាធិការរដ្ឋមន្ត្រីអ៊ីស្រាអែលសម្រាប់លទ្ធកម្មការពារជាតិ បានផ្តល់ការយល់ព្រម។ រដ្ឋាភិបាលអាមេរិកផ្ទាល់ជាអ្នកត្រួតពិនិត្យការលក់ និងផ្ទេរគ្រឿងយោធាបរទេសទៅប្រជាជាតិដទៃ។
ក្រសួងការពារជាតិបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាអ៊ីស្រាអែលបានប្រតិបត្តិការយានចាក់ប្រេងលើអាកាស KC-46 បែបនេះដែលផលិតដោយប៊ូអ៊ីង ចំនួន ៤គ្រឿងរួចមកហើយ។ មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិ លោក Amir Baram បាននិយាយថា យន្តហោះចាក់ប្រេងលើអាកាសនេះនឹងពង្រឹងសមត្ថភាពយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយរបស់យោធា ដែលធ្វើឱ្យកងទ័ពអាចប្រតិបត្តិការបានឆ្ងាយជាងមុន ជាមួយនឹងកម្លាំងកាន់តែច្រើន និងវិសាលភាពកាន់តែទូលំទូលាយ។

គួររម្លឹកថា អ៊ីស្រាអែលបានប្រើស៊ីទែនដឹកប្រេងតាមអាកាសប្រភេទនេះក្នុងអំឡុងពេលសង្គ្រាមផ្លូវអាកាសដ៏កក្រើករយៈពេល ១២ថ្ងៃរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ កាលពីខែមិថុនា។ មិនទាន់មានសេចក្ដីលម្អិតអំពីមូលហេតុជាក់លាក់លើការបញ្ជាទិញគ្រឿងយោធាដ៏សំខាន់ថ្មីនេះទេ ប៉ុន្តែវិធានការនេះកើតឡើងស្របពេលដែលយោធាអ៊ីស្រាអែល បើកយុទ្ធនាការសឹកដំណាក់កាលទីមួយរបស់ខ្លួននៅទីក្រុងហ្កាហ្សា ក្នុងគោលបំណងកាន់កាប់ទីក្រុងមួយនេះ៕