អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃពុធ (២០ សីហា) ថា បណ្តាប្រទេសនៅអឺរ៉ុប នឹងត្រូវបង់ថ្លៃសម្រាប់ "បន្ទុកដ៏ធំសម្បើម" នៃការធានាសន្តិសុខរបស់អ៊ុយក្រែន ខណៈលោកប្រធានាធិបតី Donald Trump ចង់ធ្វើកិច្ចព្រមព្រៀងសន្តិភាពឱ្យបានឆាប់ដើម្បីបញ្ចប់សង្រ្គាមជាង ៣ឆ្នាំកន្លះមកនេះរបស់រុស្ស៊ី នៅអ៊ុយក្រែន។

ថ្លែងក្នុងបទសម្ភាសន៍របស់ទូរទស្សន៍ Fox News លោក Vance បាននិយាយថា៖ អាមេរិកមិនគួរជាអ្នករែកពន់បន្ទុកនេះទេ.... ប្រធានាធិបតី Trump ពិតជារំពឹងថា អឺរ៉ុបនឹងដើរតួនាទីនាំមុខលើរឿងនេះ។ លោកបន្តថា៖ មិនថាជំហាននេះកើតឡើងក្នុងទម្រង់បែបណាទេ អឺរ៉ុបនឹងត្រូវទទួលបន្ទុកដ៏ធំសម្បើម ព្រោះជាទ្វីបរបស់ពួកគេ សន្តិសុខរបស់ពួកគេ។
អាទិភាពមួយក្នុងចំណោមអាទិភាពធំៗរបស់អ៊ុយក្រែនពេលនេះ គឺជាការធានាសន្តិសុខប្រឆាំងនឹងសកម្មភាពយោធារបស់រុស្ស៊ី។ លោក Trump បាននិយាយរួចហើយថា លោកនឹងមិនដាក់កងទ័ពអាមេរិកនៅអ៊ុយក្រែនផ្ទាល់ទេ ប៉ុន្តែអាចផ្តល់ការគាំទ្រតាមផ្លូវអាកាសជំនួសវិញ។ លើសពីនេះ លោក Trump តែងត្អូញត្អែរពីជំនួយយោធាអាមេរិករាប់ពាន់លានដុល្លារដល់អ៊ុយក្រែនរហូតមកដល់ពេលនេះ ហើយសេតវិមាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងមិនបន្ត "ចេញសែកទទេ" ដើម្បីផ្តល់មូលនិធិឱ្យវិស័យការពារជាតិរបស់ទីក្រុងគីវទៀតឡើយ។
លោក Trump ចង់បង្វែរការទទួលខុសត្រូវសម្រាប់ការចំណាយបែបនេះទៅឱ្យសម្ព័ន្ធមិត្តអឺរ៉ុបជាអ្នករែកពន់វិញ។ ទន្ទឹមនឹងនេះ បណ្តាប្រទេសនៅអឺរ៉ុប ក៏បានបង្កើត "សម្ព័ន្ធឆន្ទៈ" ដែលក៏បានប្តេជ្ញាដាក់កងកម្លាំងដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែន៕

