ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា លោកនឹងបន្តផែនការរំសាយអាវុធនុយក្លេអ៊ែរបីដំណាក់កាលសម្រាប់ប្រទេសកូរ៉េខាងជើង ដោយទីក្រុងសេអ៊ូល ខិតទៅរកយុទ្ធសាស្ត្របែបនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មសម្រាប់កិច្ចសន្ទនាជាមួយទីក្រុងព្យុងយ៉ាង ដោយផ្អែកលើសម្ព័ន្ធភាពរឹងមាំជាមួយសហរដ្ឋអាមេរិក។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Yomiuri Shimbun របស់ប្រទេសជប៉ុន មុនពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតូក្យូ សម្រាប់កិច្ចពិភាក្សាកំពូលជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba លោក Lee បាននិយាយថា លោកនឹងស្វែងរកការបង្កកកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងនៅក្នុងដំណាក់កាលដំបូង។
យោងតាមអត្ថបទនៃបទសម្ភាសន៍ផ្តល់ដោយការិយាល័យប្រធានាធិបតី បានឲ្យដឹងថា នៅក្នុងដំណាក់កាលទីពីរ និងចុងក្រោយ លោក Lee បាននិយាយថា លោកនឹងព្យាយាមកាត់បន្ថយ និងរំសាយកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង ។
លោក Lee បានប្រាប់កាសែតរបស់ជប៉ុនខាងលើថា ខណៈរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនឹងបន្តកិច្ចសន្ទនាអន្តរកូរ៉េយ៉ាងសកម្ម ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់គោលដៅនេះ។
កូរ៉េខាងជើងកំពុងបង្កើនការរិះគន់លើប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូង លោក Lee Jae Myung ខណៈរូបលោកត្រៀមសម្រាប់ជំនួបកំពូលលើកដំបូងជាមួយលោក Donald Trump ដោយហៅកិច្ចខិតខំប្រឹងប្រែងរបស់លោក Leeក្នុងការផ្សះផ្សាជាមួយទីក្រុងព្យុងយ៉ាង ថាជាក្ដីស្រមៃមិនអាចទៅរួច៕

