អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានក្រើនរំលឹកដល់ ភាគីថៃគប្បីគោរពឲ្យបានខ្ជាប់ខ្ជួន នូវកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ខណៈថៃនៅតែបន្តផ្សព្វផ្សាយព័ត៌មានបំភ្លៃបំភ្លើសខុសការពិតជាច្រើន ដែលនាំឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សាធារណៈជន និងអន្តរជាតិ។

តាមរយៈសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ស្តីពីការអនុវត្តបទឈប់បាញ់ នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ាលី សុជាតា បានលើកឡើងថា កម្ពុជានៅតែបន្តគោរពកិច្ចព្រមព្រៀងជាមួយ ភាគីថៃជានិច្ច ដូច្នេះសូមស្នើដល់ថៃគប្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានទាំងឡាយណាដែលមិនពិត ខណៈការផ្សាយព័ត៌មានបំភ្លៃបំភ្លើសពីសំណាក់ភាគីថៃនេះ មិនត្រឹមតែបានជួយបន្ធូរបន្ថយនូវភាពតានតឹង និងជួយកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទៅលើសតិអារម្មណ៍ដល់សាធារណៈជនប៉ុណ្ណោះទេ ថែមទាំងមិនបង្កើតឲ្យមានបរិយាកាសអំណោយផលដល់កិច្ចសន្ទនារវាងកម្ពុជា និងថៃកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥កន្លងទៅនៅប្រទេសម៉ាឡេស៊ីផងដែរ។
ជាថ្មីម្តងទៀតអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ដោយឥតងាករេក្នុងការគោរពចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ និងកិច្ចព្រមព្រៀតដទៃទៀតកាលពីថ្ងៃទី២៨ ខែកក្កដា និងស្មារតីឯកភាពគោលការណ៍ ទាំង១៣ចំណុចនៅក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលមានប្រទេសម៉ាឡេស៊ី ប្រទេសចិន និងសហរដ្ឋអាមេរិកជាសាក្សី និងកិច្ចប្រជុំថ្នាក់បណ្តាភូមិភាគ(RBC)ជាដរាប ហើយជាមួយគ្នានេះកម្ពុជាក៏បន្តអំពាវនាវយ៉ាងទទូចឲ្យភាគីថៃគប្បីគោរពឲ្យបានខ្ជាប់ខ្ជួននូវរាល់កិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាខាង លើនេះផងដែរ។
តាមរយៈសន្និសីទសារព័ត៌មាននេះដែរ លោកជំទាវ ម៉ាលី សុជាតា ក៏បានបន្តអំពាវនាវឲ្យភាគីថៃ ប្រគល់ទាហានកម្ពុជា១៨នាក់ ដែលថៃចាប់ទៅនោះមកកម្ពុជាវិញឲ្យបានឆាប់ ដើម្បីជួបជុំក្រុមគ្រួសារពួកគេ ដែលកំពុងទទឹងរងចាំទាំងយប់ទាំងថ្ងៃ ខណៈមកដល់ថ្ងៃទី២១ខែសីហានេះគឺមានរយៈពេល២៣ថ្ងៃហើយ បន្ទាប់ពីថៃចាប់ពួកគេទៅដោយខុសច្បាប់នោះ។
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានថ្លែងថា កម្ពុជា ក៏ដូចជាសហគមន៍អន្តរជាតិនៅតែទទួចឲ្យភាគីថៃគោរពនូវកាតព្វកិច្ចរបស់ខ្លួន ពោលគឺត្រូវ តែដោះលែងទាហានកម្ពុជាដែលថៃចាប់ទៅនោះឲ្យបានឆាប់ៗ ស្របទៅតាមច្បាប់មនុស្សធម៌អន្តរជាតិ៕ អត្ថបទបានចក់