ក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គ្រោងនឹងបន្តជួបក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលដើម្បីប្រមូលធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើការសិក្សា និងវាយតម្លៃអំពីស្ថានភាពសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះ បាន អនុញ្ញាតឱ្យក្រុមបេសកកម្មមាត្រាទី IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធាន បេសកកម្មរបស់ IMF សម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគោលបំណងនៃបេសកកម្មប្រចាំឆ្នាំ២០២៥។
លោកជំទាវ ក៏បានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយរំលេចពីការសម្រេចបានកំណើនល្អក្នុងរយៈពេល ៧ ខែដំបូង ឆ្នាំ២០២៥ និងបានគូសបញ្ជាក់ពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា, និងបានលើកឡើង ពីការទទួលបានការកាត់បន្ថយអត្រាពន្ធគយបដិការមកត្រឹម ១៩% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ដែលនឹងបន្តរួមចំណែក រក្សាភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងការទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀត។
ក្រៅពីគោលការណ៍ខាងលើ, លោកជំទាវ ក៏បានលើកឡើងអំពីបញ្ហាប្រឈមចម្បងៗ ជាពិសេសបញ្ហាជម្លោះព្រំដែន ដោយ បានរំលេចពីអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាសន្តិភាព និងការដោះស្រាយបញ្ហាដោយសន្តិវិធី។ លើសពីនេះ លោកជំទាវក៏ បានបញ្ជាក់ពីស្នាដៃការងារសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទោះបីប្រឈមនឹងបញ្ហា និងភាពមិនច្បាស់លាស់មួយចំនួនក្តី។
ក្នុងជំនួបនេះ លោក Kenichiro បានជម្រាបជូនពីគោលបំណងរបស់ក្រុមការងារ ដែលមកបំពេញបេសកកម្ម ដើម្បីសិក្សា និងវាយតម្លៃលើស្ថានភាពសេដ្ឋកិច្ច សំដៅលើកឡើងនូវអនុសាសន៍គោលនយោបាយសេដ្ឋកិច្ចចម្បងៗ សម្រាប់គាំទ្រការងើបឡើងនៃ សេដ្ឋកិច្ចកម្ពុជា និងការរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ក្រុមបេសកកម្មនេះនឹងបន្តជួបក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រមូលធាតុ ចូលឱ្យបានគ្រប់ជ្រុងជ្រោយ៕ អត្ថបទ៖ សុន រ៉ាឌី




