មន្ត្រីប្រទេសប៉ូឡូញបាននិយាយកាលពីថ្ងៃពុធ ទី២០ ខែសីហា ថា យានដ្រូនរបស់រុស្ស៊ីបានធ្លាក់នៅទីវាលមួយកន្លែងនៅភាគខាងកើតប្រទេសប៉ូឡូញ ជាឧបទ្ទវហេតុមួយដែលរដ្ឋមន្ត្រីក្រសួងការពារជាតិបានពិពណ៌នាថាជាការបង្កហេតុ។ យានដ្រូនបានធ្លាក់និងឆេះនៅចំការពោតក្នុងភូមិ Osiny ក្នុងខេត្ត Lublin ភាគខាងកើត ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រពីព្រំដែនប្រទេសអ៊ុយក្រែន។

ប្រទេសប៉ូឡូញ បានស្ថិតក្នុងការព្រមានខ្ពស់ចំពោះវត្ថុដែលចូលមកក្នុងដែនអាកាសរបស់ខ្លួនចាប់តាំងពី មីស៊ីលរបស់អ៊ុយក្រែនផ្លាតខុសគោលដៅដែលបានធ្លាក់នៅភូមិភាគខាងត្បូងប្រទេសប៉ូឡូញក្នុងឆ្នាំ ២០២២ បណ្តាលឲ្យមនុស្សពីរនាក់ស្លាប់។ អ្នកជំនាញមួយចំនួនបានលើកឡើងថា យានដ្រូន Shahed កំណែថ្មីរបស់រុស្ស៊ី ផលិតដោយប្រទេសអ៊ីរ៉ង់ មានជាប់ពាក់ព័ន្ធក្នុងឧបទ្ទវហេតុចុងក្រោយនេះ។
ឧបនាយករដ្ឋមន្ត្រី លោក Wladyslaw Kosiniak-Kamysz ជារដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថា ឧបទ្ទវហេតុនេះ មានភាពស្រដៀងគ្នាទៅនឹងករណីដែលយានដ្រូនរបស់រុស្ស៊ីបានហោះចូលទៅក្នុងប្រទេសលីទុយអានី និងរូម៉ានី។

លោកបានប្រាប់អ្នកសារព័ត៌មានថា «ជាថ្មីម្តងទៀត យើងកំពុងដោះស្រាយការបង្កហេតុរបស់សហព័ន្ធរុស្ស៊ីជុំវិញយានដ្រូនដែលបានធ្លាក់នេះ។ យើងកំពុងដោះស្រាយបញ្ហានៅក្នុងពេលដ៏សំខាន់ ខណៈការចរចាអំពីសន្តិភាពនៅអ៊ុយក្រែន កំពុងដំណើរការ»។
«ការបំពានមួយផ្សេងទៀតនៃដែនអាកាសរបស់យើងពីភាគខាងកើត បញ្ជាក់ថាបេសកកម្មដ៏សំខាន់បំផុតរបស់ប្រទេសប៉ូឡូញឈានទៅរកសម្ព័ន្ធយោធាណាតូ គឺការការពារទឹកដីរបស់យើង»។ ស្ថានទូតរុស្ស៊ីនៅទីក្រុងវ៉ាសូវី ពុំបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយតាមសារអេឡិចត្រូនិកនៅឡើយទេ។