ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ ទី២១ សីហានេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកសរសើរកងទ័ពរបស់ប្រទេសលោកដែលត្រូវបានដាក់ពង្រាយដើម្បីជួយប្រទេសរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងអ៊ុយក្រែនក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមេបញ្ជាការ។

ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) បានរាយការណ៍ថា លោក Kim «បានបង្ហាញពីការលើកទឹកចិត្តយ៉ាងកក់ក្តៅ» ដល់មន្រ្តីនិងទាហានដែលកំពុងបំពេញបេសកកម្មនៅក្នុងតំបន់ Kursk របស់រុស្ស៊ី ដោយនិយាយយោងទៅរកតំបន់មួយដែលទីភ្នាក់ងារចារកម្មនិយាយថា ទីក្រុងព្យុងយ៉ាងបានបញ្ជូនអ្នកប្រយុទ្ធជាង១០.០០០នាក់។

លោក Kim ត្រូវបានគេដកស្រង់សម្តី ដែលបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សមាជិកយោធាកូរ៉េខាងជើងនៅក្នុងរដ្ឋធានីថា «ទាហានរបស់យើងគឺជាទាហានមានភាពអង់អាចក្លាហាន»។ «កងទ័ពរបស់យើងពេលនេះកំពុងធ្វើអ្វីដែលគួរធ្វើ និងអ្វីដែលចាំបាច់ត្រូវធ្វើ។ វានឹងត្រូវធ្វើដូច្នេះនៅពេលអនាគតផងដែរ»។ ការលើកឡើងរបស់លោក Kim ធ្វើឡើងខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បង្កើនការប៉ុនប៉ងដែលពុំទាន់ទទួលបានលទ្ធផលរហូតមកដល់ពេលនេះជុំវិញការបញ្ចប់សង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដោយបានជួបពិភាក្សាគ្នាកម្រិតខ្ពស់ជាមួយមេដឹកនាំនៃប្រទេសទាំងពីរ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗកន្លងទៅនេះ។ ទន្ទឹមនឹងនេះ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីសប្តាហ៍មុនក៏បានសាទរកងទ័ពកូរ៉េខាងជើងថា «មានភាពក្លាហាន» ដែលរហូតមកដល់ពេលនេះលោកបានគេចវេសមិនព្រមជួបសមភាគីអ៊ុយក្រែនលោក Volodymyr Zelenskyy សម្រាប់កិច្ចចរចាសន្តិភាព។ រុស្ស៊ី និងកូរ៉េខាងជើង បាននិងកំពុងបង្កើតទំនាក់ទំនងជិតស្និទ្ធកាន់តែខ្លាំងឡើង រួមមានទាំងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទៅវិញទៅមកកាលពីឆ្នាំមុន។