វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អង់គ្លេស Emma Raducanu បានបង្ហាញពីសមត្ថភាពអស្ចារ្យរបស់ខ្លួនក្នុងការបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍ Grand Slam, Australian Open ក្រោយយកឈ្នះកីឡាការិនីអាមេរិក Sloane Stephens ដែលគេស្គាល់ថា Serena Williams តូច។

អតីតជើងឯក US Open, Emma Raducanu បានយកឈ្នះសិតដំបូងមិនលំបាក ៦-០ តែ Sloane Stephens ក៏ឆ្លើយតបវិញក្រោយយកឈ្នះ ៦-២ វិញនៅសិតទីពីរ។ យ៉ាងណាក្តីកីឡាការិនីវ័យ ១៩ឆ្នាំ Raducanu បានយកឈ្នះនៅសិតកាត់សេចក្តី ៦-១។ ជុំបន្តកីឡាការិនីក្តីសង្ឃឹមរបស់ចក្រភពអង់គ្លេសរូបនេះ នឹងបន្តជួបជាមួយកីឡាការិនីម៉ុងតេណេក្រូ Danka Kovinic នៅថ្ងៃព្រហស្បតិ៍។ ដោយឡែកក្រឡេកមកអតីតជើងឯករងនៅទីនេះកីឡាការិនីឆេក Petra Kvitova បែរជាបរាជ័យត្រឹមជុំទី១ មិនគួរឱ្យជឿក្នុងលទ្ធផលងាយៗ ៦-២ និង ៦-២ ក្រោមថ្វីដៃកីឡាការិនីរ៉ូម៉ានី Sorena Cirstea ចំនាយពេល ៧២នាទី។ Kvitova ដែលតែងតែជាកីឡាការិនីដែលគេគិតថាឈ្នះជើងឯក Australian Open នេះធ្វើឱ្យមានកំហុសដល់ទៅ ៣៩លើកក្នុងបរាជ័យនេះ។
Kvitova បាននិយាយទាំងសោកសង្រែងក្រោយចាញ់ត្រឹមជុំទី១ នេះដោយលើកឡើងថា ខ្លួនក៏មានបញ្ហាសុខភាពដែរមួយរយៈចុងក្រោយនេះ និងមានពេលហ្វឹកហាត់តិចតួច។ ងាកមកអតីតជើងឯករងនៅទីឆ្នាំ២០១៨ កីឡាការិនីរ៉ូម៉ានី Simona Halep មិនមានបញ្ហានៅជុំដំបូងទេដោយយកឈ្នះកីឡាការិនីប៉ូឡូញ Magdalena Frech ៦-៤ និង ៦-៣ ស្របពេលដែលកីឡាការិនីអេស្ប៉ាញ Gabine Muguruza យកឈ្នះកីឡាការិនីបារាំង Clara Burel៕
អត្ថបទ៖នាង សុភាវុធ