អាជ្ញាធរបាននិយាយថា ខ្យល់បក់ខ្លាំងកាលពីថ្ងៃពុធ ទី២០ សីហា បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ចំហេះព្រៃនៅក្នុងប្រទេសអេស្ប៉ាញ ដែលបានឆេះរាលដាលលើផ្ទៃដីជាច្រើនហិចតា ទោះបីជាសីតុណ្ហភាពធ្លាក់ចុះក៏ដោយ។

លោកស្រី Virginia Barcones អគ្គនាយកអង្គភាពសេវាសង្គ្រោះបន្ទាន់បាននិយាយថា ក្រុមអ្នកពន្លត់អគ្គិភ័យដែលគាំទ្រដោយកងទ័ពនិងយន្តហោះទម្លាក់ទឹកកំពុងប្រយុទ្ធទប់ស្កាត់ចំហេះព្រៃចំនួន២១កន្លែងនៅភាគខាងលិចប្រទេសដែលត្រូវបានចាត់ថ្នាក់ក្នុង«កម្រិតប្រតិបត្តិការទី២» ដែលមានន័យថាចំហេះព្រៃបង្កការគំរាមកំហែងដោយផ្ទាល់ដល់សហគមន៍ដែលនៅក្បែរនោះ ។

លោកស្រីបាននិយាយក្នុងសន្និសីទសារព័ត៌មានថា «សីតុណ្ហភាពបានធ្លាក់ចុះ ប៉ុន្តែសន្ទុះខ្យល់ខ្លាំងនៅតែបន្តរារាំងដល់កិច្ចខិតខំប្រឹងប្រែងពន្លត់អគ្គិភ័យ ហើយដោយសារកង្វះទឹកភ្លៀងទើបពុំអាចជួយអ្វីដល់យើងបាន ទោះបីជាយើងសង្ឃឹមថានឹងមានការផ្លាស់ប្តូរនៅថ្ងៃខាងមុខក៏ដោយ»។ មន្ត្រីព្យាករណ៍បាននិយាយថា ខ្យល់បក់ខ្លាំងត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅវិញ ដោយកម្រិតសំណើមខ្ពស់ទំនងជាអាចជួយដល់កិច្ចខិតខំប្រឹងប្រែងនេះ។ ប្រទេសអេស្ប៉ាញ បានទប់ទប់ទៅនឹងរលកកម្តៅរយៈពេល១៦ថ្ងៃដែលបានបញ្ចប់ទៅកាលពីថ្ងៃចន្ទ ដោយសីតុណ្ហភាពកើនឡើងលើសពី៤០អង្សាសេនៅក្នុងតំបន់ជាច្រើន។ ចំហេះព្រៃដែលបង្កឲ្យមានកម្ដៅខ្លាំងបានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ហើយអ្នកភូមិរាប់សិបនាក់ត្រូវបានជម្លៀសចេញ។ យន្តហោះមកពីប្រទេសអ៊ីតាលី ហូឡង់ សាធារណរដ្ឋឆេក និងប្រទេសស្លូវេនី បានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងពន្លត់ភ្លើងព្រៃ។ ប្រទេសអាល្លឺម៉ង់បានបញ្ជូនអ្នកពន្លត់អគ្គិភ័យ៦០នាក់និងរថយន្ត២៤គ្រឿងខណៈប្រទេសបារាំងបានដាក់ពង្រាយអ្នកពន្លត់អគ្គិភ័យ៦៦នាក់និងរថយន្ត២៣គ្រឿង ហើយប្រទេសហ្វាំងឡង់ក៏បានបញ្ជូនអ្នកពន្លត់អគ្គិភ័យ២៦នាក់ ដើម្បីជួយពន្លត់ផងដែរ។
យោងតាមប្រព័ន្ធព័ត៌មានចំហេះព្រៃនៅអឺរ៉ុប បានឱ្យដឹងថា ផ្ទៃដីជិត៤០០.០០០ហិកតាបានឆេះរាលដាលនៅក្នុងប្រទេសអេស្ប៉ាញ ក្នុងឆ្នាំនេះ។