មន្ត្រីជាន់ខ្ពស់របស់ប្រទេសអ៊ុយហ្គង់ដា បានច្រានចោលរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលបាននិយាយថាប្រទេសនេះបានយល់ព្រមទទួលយកអ្នកដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក ដោយនិយាយថាខ្លួនខ្វះអគារដើម្បីផ្តល់កន្លែងឲ្យពួកគេស្នាក់នៅ។

ដោយដកស្រង់ពីឯកសារផ្ទៃក្នុងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រព័ន្ធផ្សព្វផ្សាយCBS News បានរាយការណ៍ថាទីក្រុងវ៉ាស៊ីនតោន បានឈានដល់កិច្ចព្រមព្រៀងនិរទេសជាមួយប្រទេសអ៊ុយហ្គង់ដា និងប្រទេសហុងឌុយរ៉ាស ជាផ្នែកមួយនៃការជំរុញរបស់ខ្លួនក្នុងការបង្កើនការបណ្តេញជនអន្តោប្រវេសន៍ទៅកាន់ប្រទេសនានាដែលពួកគេពុំមានសញ្ជាតិ។

រដ្ឋមន្ត្រីបានប្រាប់សារព័ត៌មាន Anadolu ថា «យើងពុំទាន់ឈានដល់កិច្ចព្រមព្រៀងបែបនេះទេ»។ «យើងគ្មានសមត្ថភាពផ្តល់កន្លែងស្នាក់នៅដល់ជននិរទេសបរទេសបែបនេះពីសហរដ្ឋអាមេរិកឲ្យស្នាក់នៅក្នុងប្រទេសអ៊ុយហ្គង់ដា ទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump មានគោលបំណងនិរទេសជនអន្តោប្រវេសន៍រាប់លាននាក់ដែលរដ្ឋបាលនេះនិយាយថា បានចូលមកសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយបានព្យាយាមជំរុញការបណ្តេញចេញទៅកាន់ប្រទេសទីបី។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ CBS បាននិយាយថា កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ុយហ្គង់ដា និងហុងឌុយរ៉ាស គឺផ្អែកលើការផ្តល់ច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក ដែលអនុញ្ញាតឱ្យអ្នកស្វែងរកសិទ្ធិជ្រកកោនត្រូវបានបញ្ជូនទៅកាន់ប្រទេសទីបី ប្រសិនបើរដ្ឋាភិបាលសហរដ្ឋអាមេរិកកំណត់ថាប្រទេសទាំងនោះអាចទទួលស្តាប់ដោយយុត្តិធម៌នូវការអះអាងរបស់ពួកគេ។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់ប្រទេសនៅអាហ្វ្រិកចំនួនបី រួមមាន ស៊ូដង់ខាងត្បូង រ៉្វាន់ដា និងប្រទេសសអេសវ៉ាទីនី បានយល់ព្រមទទួលយកជនអន្តោប្រវេសន៍ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិក។