នាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែលកំពុងត្រូវបានព្យួរតំណែង បានទៅដល់តុលាការនៅថ្ងៃព្រហស្បតិ៍ ២១ សីហា នេះ ដើម្បីផ្ដល់សក្ខីកម្មនៅក្នុងសំណុំរឿងមួយ ដែលមានគោលបំណងដកលោកស្រីចេញពីតំណែងជាផ្លូវការ ជុំវិញបទចោទបំពានក្រមសីលធម៌ធ្ងន់ធ្ងរ។

ចាប់តាំងពាក់កណ្ដាលខែមិថុនាមក លោកស្រី ផែថងថាន នាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ថៃរូបនេះ បានមើលឃើញវិបត្តិជុំទិស ដោយមានទាំងការតវ៉ាទាមទារឱ្យលោកស្រីលាលែងពីតំណែងជាបន្ទាន់ ការខឹងសម្បារពីមហាជន និងការចាកចេញពីសម្ព័ន្ធចម្រុះពីគណបក្សធំទីពីររបស់ខ្លួន ដែលធ្វើឱ្យរដ្ឋាភិបាលរបស់លោកស្រីនៅសល់សំឡេងភាគច្រើនស្ដួចស្តើងប៉ុណ្ណោះ។

តុលាការធម្មនុញ្ញ ដែលធ្លាប់បណ្ដេញអ្នកកាន់តំណែងមុនៗរបស់លោកស្រីកាលពីមួយឆ្នាំមុននោះ នឹងចេញសាលក្រមនៅថ្ងៃសុក្រ ២៩ សីហា សប្ដាហ៍ក្រោយ ថាតើលោកស្រី ផែថងថាន គួរតែត្រូវបណ្តេញចេញពីតំណែងជាផ្លូវការដែរឬទេ។ តុលាការនេះក៏បានព្យួរតំណែងលោកស្រី ផែថងថាន កាលពីខែមុន ហើយបានកោះហៅឱ្យឡើងតុលាការឆ្លើយសំណួរសក្ខីកម្មក្នុងសំណុំរឿងនៅថ្ងៃព្រហស្បតិ៍ ២១ សីហា ចំថ្ងៃខួបកំណើតវ័យ ៣៩ឆ្នាំរបស់ខ្លួន។
ប្រសិនបើសាលក្រមចេញមកប្រឆាំងនឹងរូបលោកស្រី នោះលោកស្រី ផែថងថាន នឹងក្លាយជាខ្សែត្រកូល ស៊ីណាវ៉ាត់ ទី៣ហើយ ដែលត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីលឿនបំផុត បន្ទាប់ពីឪពុកគឺលោក ថាក់ស៊ីន និងម្តាយមីងគឺលោកស្រី យីងឡាក់ - ដែលអ្នកទាំងពីរនេះត្រូវបានបណ្តេញចេញពីតំណែងដោយសាររដ្ឋប្រហារយោធា៕