មេដឹកនាំយោធាអាមេរិកនិងអឺរ៉ុប បានពិភាក្សាគ្នាអំពីការធានាសន្តិសុខក្រោយជម្លោះសម្រាប់ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធទី២០ សីហា បន្ទាប់ពីការសន្យារបស់ប្រធានាធិបតី លោក Donald Trump ក្នុងការជួយការពារប្រទេសនេះក្រោមកិច្ចព្រមព្រៀងណាមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។

ឧត្តមសេនីយ៍ Alexus Grynkewich មកពីកងទ័ពអាកាសអាមេរិក ដែលពិនិត្យមើលប្រតិបត្តិការរបស់សម្ព័ន្ធយោធាNATOនៅទ្វីបអឺរ៉ុប បានរាយការណ៍ប្រាប់ក្រុមរដ្ឋមន្ត្រីការពារជាតិអំពីកិច្ចប្រជុំនៅរដ្ឋ Alaska រវាងលោក Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីសប្តាហ៍មុន។

លោក Trump បានជំរុញឱ្យបញ្ចប់សង្រ្គាមដ៏បង្ហូរឈាមបំផុតនៅអឺរ៉ុបក្នុងរយៈពេល៨០ឆ្នាំមកនេះ ហើយទីក្រុងគីវ និងសម្ព័ន្ធមិត្តរបស់ខ្លួន មានការព្រួយបារម្ភថាលោកTrump អាចព្យាយាមបង្ខំឱ្យមានកិច្ចព្រមព្រៀងលើលក្ខខណ្ឌរបស់រុស្ស៊ី បន្ទាប់ពីលោកប្រធានាធិបតីកាលពីសប្តាហ៍មុនបានក្រាលកម្រាលព្រំក្រហមសម្រាប់លោកPutin។
រុស្ស៊ីនិយាយថា ខ្លួនបានចាប់ផ្តើម «ប្រតិបត្តិការសឹកពិសេស» នៅក្នុងប្រទេសអ៊ុយក្រែន ដើម្បីការពារសន្តិសុខជាតិដោយអះអាងថាការពង្រីកខ្លួនទៅភាគខាងកើតរបស់សម្ព័ន្ធយោធាណាតូ និងការគាំទ្រផ្នែកយោធារបស់ប្រទេសលោកខាងលិចសម្រាប់អ៊ុយក្រែន បង្កការគំរាមកំហែងខ្លាំង។