ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាឲ្យត្រៀមកង កម្លាំងគ្រូពេទ្យ និងវេជ្ជបណ្ឌិត របស់កងទ័ព ចំនួន៣៥០នាក់បន្ថែមទៀត សម្រាប់ចូលរួមប្រតិបត្តិការ ប្រយុទ្ធប្រឆាំង នឹងកូវីដ-១៩ ជាមួយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
បទបញ្ជា ស្តីពីការប្រើប្រាស់កម្លាំងក្រុមគ្រូពេទ្យ នៃកងយោធពលខេមរភូមិន្ទ ដើម្បីត្រៀមចូលរួម ប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងជំងឺកូវីដ-១៩ នាថ្ងៃ ទី១១ ខែមីនា នេះ បានលើកឡើងថា មេបញ្ជាការប្រភេទទ័ព និងទ័ពជំនាញ បណ្តាស្ថាប័ន និងកងឯក ភាពចំណុះអគ្គបញ្ជាការដ្ឋាន ត្រូវត្រៀមរៀបចំកម្លាំងពេទ្យ ជាកម្លាំងត្រៀមបម្រុងរបស់រាជរដ្ឋាភិបាល ដើម្បី ចូលរួមសហការជាមួយកម្លាំងក្រុមគ្រូពេទ្យ របស់ក្រសួងសុខាភិបាល ក្នុងប្រតិបត្តិការទប់ស្កាត់កូវីដ១៩ ក្រោមការដឹកនាំបញ្ជារបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូ មិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធ នឹងកូវីដ១៩។
យោងតាមបទបញ្ជា របស់នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាឲ្យមានការរៀបចំកម្លាំងជា បន្ទាន់ ដោយមានចំនួន១៧ក្រុម ស្មើនឹង៣៥០នាក់ ដែលមកពីតាមបញ្ជាការដ្ឋាន ទ័ពជើងគោក ទឹក អាកាស យោធភូមិភាគទី៣ កងពលអន្តរាគមន៍លេខ១ បញ្ជាការដ្ឋានវិស្វកម្ម និងវិទ្យាស្ថានសុខាភិបាល របស់ក្រសួងការពារជាតិជាដើម។
ជាមួយគ្នានោះដែរ តាមបទបញ្ជាខាងលើនេះ បានបញ្ជាក់ឲ្យដឹងផងដែរថា ក្រុមគ្រូពេទ្យ ដែលជា កងកម្លាំង នៃកងយោធពលខេមរភូមិន្ទទាំងនោះ គឺសុទ្ធតែជាពេទ្យបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩រួចរាល់ គ្រប់តាមការកំណត់ និងមានសុខភាពល្អ ហើយក្រុមគ្រូពេទ្យទាំងនោះ នឹងត្រូវទទួលបានការហ្វឹកហ្វឺនជំនាញច្បាស់លាស់តាមស្តង់ដារ បំពាក់សម្ភារសម្រាប់ប្រតិបត្តិការ និងត្រូវបានចូលរួមសាកល្បងការងារ ជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល មុននឹងចូលធ្វើប្រតិបត្តិការព្យាបាលជំងឺកូវីដ១៩ ព្រមទាំងទទួល បាននូវរបបបំប៉នឧបត្ថម្ភដូចក្រុមគ្រូពេទ្យស៊ីវិលផងដែរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជាឲ្យកងឯកភាពផ្សេងៗទៀត ចាំបាច់ត្រូវត្រៀមកម្លាំង ពេទ្យ របស់អង្គភាពខ្លួនផងដែរ ដើម្បីត្រៀមចូលរួមអនុវត្តភារកិច្ចបន្តវេន ក្រោយពីមានបទបញ្ជា ហើយបទ បញ្ជានេះ គឺនឹងត្រូវអនុវត្តឲ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវបំផុតផងដែរ៕
អត្ថបទ៖ បាន ចក់