ភ្នំពេញ៖ កាកបាទក្រហមកម្ពុជាដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី១៩ខែមករា ឆ្នាំ២០២២នេះ បានទទួលជែលលាងដៃ ជំហានទី២ ចំនួន ១៦.២០០កេស (ស្មើនឹង២៥៩.២០០ដប) ពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក។
ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាក្រោមវត្តមានលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា និងប្រធានប្រតិបត្តិរដ្ឋបាលនៃ ក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក។
ក្នុងឱកាសប្រគល់-ទទួលនោះលោកជំទាវ ម៉ែន នារីសោភ័គ បាននាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ដែលបាននាំយកជែលលាងដៃទាំងនេះ ជូនកាកបាទក្រហមកម្ពុជា ហើយកាកបាទក្រហមកម្ពុជា នឹងបន្តអនុវត្តតាមអនុសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គឺលើកកម្ពស់អភិបាលកិច្ចល្អ ការគ្រប់គ្រងមានតម្លាភាព និងគណនេយ្យភាពចំពោះម្ចាស់អំណោយ ក៏ដូចជាផ្តល់នូវភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដែលទទួលផលពីកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានេះ លោកជំទាវ បានគូសបញ្ជាក់ថា «ជែលលាងដៃទាំងអស់នេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ប្រតិបត្តិករជួរមុខ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
ជាកិច្ចឆ្លើយតប លោក គីម ឆាយដានីតា តំណាងលោក ម៉ក់ អ៊ីងថូវ អគ្គនាយកក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនបានចូលរួមចំណែក កិច្ចការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាមរយៈការផ្តល់ជូននូវជែលលាងដៃ ហើយសម្ភារៈអនាម័យទាំងនេះទៀតសោធ គឺត្រូវបានបែងចែកចំទិសដៅតែម្តង។
ទន្ទឹមនឹងការទទួលបានជែលលាងដៃពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក ភ្លាមៗនោះ ជែលលាងដៃចំនួន ២.៨០០កេស (ស្មើនឹង ៤៤.៨០០ដប) ត្រូវបានប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដោយអនុសាខានីមួយៗទទួលបានជែលចំនួន២០០កេស (ស្មើនឹង ៣.២០០ដប)។
សូមបញ្ជាក់ថា បន្ទាប់ពីបានទទួលជែលលាងដៃជំហានទី១ កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ចំនួន១៦.២០០កេស(ស្មើនឹង២៥៩.២០០ដប) ពីក្រុមហ៊ុន ហ័នយ៉ា ហ៊ឺចុង (ខេមបូឌា) ត្រេឌីង ឯ.ក កាកបាទក្រហមកម្ពុជាទីស្នាក់ការកណ្តាល បានបែងចែកប្រគល់ជែលទាំងនោះ ជូនដល់សាខាកាកបាទក្រហមកម្ពុជា រាជធានី-ខេត្តចំនួន១៧រួចហើយ។
ជំហានទី២នេះ ខេត្តចំនួន៨ផ្សេងទៀតដែលមិនទាន់បានទទួលនោះ កាកបាទក្រហមកម្ពុជា នឹងបន្តចែកជូនក្នុងពេលឆាប់ៗខាងនេះទៀត ដើម្បីចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅតាមមូលដ្ឋានរៀងៗខ្លួន៕



