ប្រទេសឥណ្ឌា បាននិយាយកាលពីថ្ងៃពុធ (២០ សីហា) ថា ខ្លួនបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម ដែលនៅពេលប្រតិបត្តិការ អាចនឹងមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ទៅកាន់គ្រប់ផ្នែកណាមួយនៃប្រទេសចិនបាន។

មីស៊ីលបាលីស្ទិក Agni-5 ត្រូវបានបាញ់បង្ហោះដោយជោគជ័យនៅក្នុងរដ្ឋ Odisha ភាគខាងកើតរបស់ប្រទេសឥណ្ឌា ដោយអាជ្ញាធរបានអួតសរសើរថា សព្វាវុធនេះមានប្រសិទ្ធិភាពគ្រប់ប៉ារ៉ាម៉ែត្រនៃប្រតិបត្តិការ និងបច្ចេកទេស។ គួរឱ្យដឹងថា ឥណ្ឌាជាផ្នែកមួយនៃសម្ព័ន្ធសន្តិសុខចតុភាគីប្រទេស ឬក្វាដ (Quad) ជាមួយសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន ដែលត្រូវគេមើលឃើញថាជាក្រុមទប់ទល់នឹងឥទ្ធិពលដែលចេះតែកើនឡើងរបស់ចិន។

ទន្ទឹមនឹងនេះ ប៉ាគីស្ថានដែលជាគូប្រជែងដ៏ជូរចត់និងជាអ្នកជិតខាងរបស់ឥណ្ឌា ក៏មានអាវុធនុយក្លេអ៊ែរផងដែរ ហើយប្រទេសទាំងពីរបានធ្វើសង្រ្គាមកាលពីខែឧសភា បន្ទាប់ពីពួកសកម្មប្រយុទ្ធសម្លាប់មនុស្ស ២៦នាក់ ក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា ក្នុងអ្វីដែលទីក្រុងញូវដែលី បានស្តីបន្ទោសទៅលើទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែប៉ាគីស្ថាន បានបដិសេធថាខ្លួនមិនជាប់ពាក់ព័ន្ធអ្វីឡើយ។
មីស៊ីល Agni-5 នេះគឺជាមីស៊ីលបាលីស្ទិករយៈចម្ងាយខ្លី និងមធ្យមរបស់ឥណ្ឌា ដែលផលិតក្នុងស្រុក ក្នុងគោលបំណងបង្កើនជំហរការពាររបស់ខ្លួនប្រឆាំងនឹងប៉ាគីស្ថាន ក៏ដូចជាដើម្បីទប់ទល់នឹងមហាអំណាចចិនផងដែរ៕