យោងតាមការស្ទង់មតិថ្មីរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានរកឃើញថា ប្រជាជនអាមេរិក ភាគច្រើនចំនួន ៥៨% ជឿថា គ្រប់ប្រទេសទាំងអស់នៅក្នុងអង្គការសហប្រជាជាតិ គួរតែទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋមួយ ខណៈអ៊ីស្រាអែល និងក្រុមហាម៉ាស កំពុងពិចារណាលទ្ធភាពនៃបទឈប់បាញ់នៅក្នុងសង្គ្រាមតំបន់ហ្កាហ្សា អាយុកាលជិតពីរឆ្នាំមកនេះ។

អ្នកឆ្លើយសំណួរស្ទង់មតិប្រមាណ ៣៣% មិនយល់ស្របទេថា សមាជិកអង្គការសហប្រជាជាតិគួរតែទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ចំណែកតួលេខ ៩% សម្រេចចិត្តមិនឆ្លើយសំណួរ។ ការស្ទង់មតិរយៈពេល ៦ថ្ងៃ ដែលបិទកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានរកឃើញការខ្វែងគំនិតតាមបក្សរបស់អាមេរិកលើបញ្ហានេះ ដោយមាន ៧៨% នៃអ្នកប្រជាធិបតេយ្យគាំទ្រគំនិតមួយនេះ ដែលមានច្រើនខ្លាំងជាងតួលេខត្រឹម ៤១% នៃបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតី Donald Trump ដែលយល់ស្រប។
សមាជិកបក្សសាធារណរដ្ឋចំនួន ៥៣% យ៉ាងស្ដួចស្ដើងមិនយល់ស្របឡើយថា ប្រទេសសមាជិកអង្គការសហប្រជាជាតិទាំងអស់គួរទទួលស្គាល់រដ្ឋប៉ាឡេស្ទីន។
អ៊ីស្រាអែល បានពឹងពាក់លើអាមេរិក ដែលជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនជាយូរមកហើយសម្រាប់ជំនួយយោធារាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ និងជំនួយការទូតអន្តរជាតិ។ ការធ្លាក់ចុះនៃការគាំទ្រសាធារណជនរបស់អាមេរិកបែបនេះ នឹងក្លាយជាសញ្ញាដ៏គួរឱ្យព្រួយបារម្ភសម្រាប់អ៊ីស្រាអែល ខណៈខ្លួនមិនត្រឹមតែប្រឈមមុខនឹងពួកសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សាប៉ុណ្ណោះទេ ប៉ុន្តែក៏នៅមានជម្លោះមិនទាន់ដោះស្រាយរួចជាមួយអ៊ីរ៉ង់ ដែលជាសត្រូវកំណាចក្នុងតំបន់របស់ខ្លួន៕

