ទីភ្នាក់ងារព័ត៌មានកណ្ដាល Central News Agency ផ្លូវការរបស់កោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ (២១ សីហា) នេះថា គណៈរដ្ឋមន្ត្រីរបស់កោះនេះ គ្រោងចំណាយលើវិស័យការពារជាតិនៅឆ្នាំក្រោយចំនួន ៩៤៩,៥ពាន់លានដុល្លារតៃវ៉ាន់ (ប្រមាណ ៣១,២៧ ពាន់លានដុល្លារអាមេរិក) ដែលស្មើនឹង ៣,៣២% នៃផលិតផលក្នុងស្រុកសរុប GDP របស់ខ្លួន ដែលជាអត្រាឆ្លងកាត់បន្ទាត់ ៣% ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៩មក។

ចំណាត់ការនេះកើតឡើងនៅពេលប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយក្នុងពេល ៥ឆ្នាំចុងក្រោយនេះ។ លើសពីនេះទៅទៀត កោះតៃវ៉ាន់ក៏ប្រឈមនឹងការអំពាវនាវពីសហរដ្ឋអាមេរិក ឱ្យចំណាយប្រាក់បន្ថែមលើការការពាររបស់ខ្លួន។ ក្នុងខែនេះ មេដឹកនាំកោះ លោក Lai Ching-te បាននិយាយរួចហើយថា លោកចង់បង្កើនការចំណាយលើវិស័យការពារជាតិដល់ជាង ៣% នៃ GDP នៅឆ្នាំ២០២៦។
សេចក្ដីរាយការណ៍បានបន្ថែមថា កញ្ចប់នេះរួមមានថវិកាសម្រាប់ឆ្មាំល្បាតឆ្នេរ អតីតយុទ្ធជន និងគម្រោងពិសេស ប៉ុន្តែមិនបានលម្អិតនោះទេ។ រដ្ឋាភិបាលកោះនេះ បានដាក់ទំនើបកម្មយោធាជាគោលនយោបាយសំខាន់របស់ខ្លួន ហើយសន្យាម្តងហើយម្តងទៀតថា នឹងចំណាយបន្ថែមលើការការពារ ដោយសារតែសម្ពាធកើនឡើងពីចិន។
ចំណែកប្រទេសចិនវិញ នៅក្នុងខែមីនា បានបង្ហាញពីការកើនឡើង ៧,២% នៃការចំណាយលើវិស័យការពារជាតិរបស់ខ្លួននៅឆ្នាំ២០២៥នេះ ដល់ចំនួន ១,៧៨ សែនកោដិយ័ន (ប្រមាណ ២៤៨,១៧ពាន់លានដុល្លារអាមេរិក) ដែលលើសពីគោលដៅកំណើនសេដ្ឋកិច្ចឆ្នាំ២០២៥ របស់ខ្លួនប្រហែល ៥%៕

