សារព័ត៌មាន Al Jazeera របស់កាតា បានរាយការណ៍នៅថ្ងៃពុធ (២០ សីហា) ថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨១នាក់ ត្រូវសម្លាប់នៅដែនដីហ្កាហ្សា ដោយការវាយប្រហាររបស់អ៊ីស្រាអែល និងភាពអត់ឃ្លាន ខណៈយោធាចាប់ផ្តើមដំណាក់កាលដំបូងនៃផែនការវាយយកមជ្ឈមណ្ឌលទីក្រុងដ៏ធំបំផុតរបស់ដែនដីនេះគឺទីក្រុងហ្កាហ្សា ជាទីដែលមនុស្សជិត ១លាននាក់ កំពុងនៅក្នុងស្ថានភាពគ្រោះថ្នាក់។

អាជ្ញាធរនិយាយថា តួលេខអ្នកស្លាប់ខាងលើនេះ រួមមានប្រជាជនប៉ាឡេស្ទីន ៣នាក់ ដែលស្រេកឃ្លានដល់ស្លាប់នៅហ្កាហ្សាកាលពីថ្ងៃពុធ ដោយនាំឱ្យចំនួនសរុបនៃការស្លាប់ទាក់ទងនឹងភាពអត់ឃ្លាន ឡើងដល់ជិត ២៧០នាក់ ក្នុងនោះមានកុមារ ១១២នាក់។ តំបន់ហ្កាហ្សា បានជាប់គាំងក្នុងទុរ្ភិក្ស ខណៈការបិទផ្លូវជំនួយ និងការវាយលុកជាបន្តបន្ទាប់ ធ្វើឱ្យរាំងស្ទះស្បៀងអាហារ និងការផ្គត់ផ្គង់ផ្សេងទៀត។
ការវាយប្រហារកាន់តែខ្លាំងនេះកើតឡើងនៅពេលយោធាអ៊ីស្រាអែល និយាយថា ខ្លួនកោះហៅទ័ពបម្រុង ៦ម៉ឺននាក់ ដើម្បីគាំទ្រការឆ្ពោះទៅមុខនៃផែនការដណ្តើមយកទីក្រុងហ្កាហ្សា ដែលស្ថិតក្រោមការវាយប្រហារឥតឈប់ឈរក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយ។ អ្នកនាំពាក្យយោធានិយាយថា ដំណាក់កាលដំបូងនៃផែនការរបស់ខ្លួនលើទីក្រុងនេះ បានចាប់ផ្តើមហើយ។
ប្រជាជនប៉ាឡេស្ទីនជិត ១លាននាក់ ត្រូវរាយការណ៍ថាកំពុងជាប់ក្នុងតំបន់នានានៃទីក្រុងនេះ ដែលរថក្រោះអ៊ីស្រាអែលបាននិងកំពុងវាយរុញចូលកាន់តែជិតកណ្តាលក្រុង។ លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រធានអង្គការសហប្រជាជាតិ បានសម្តែងក្ដីបារម្ភចំពោះប្រតិបត្តិការសឹកនៅក្រុងហ្កាហ្សា ដែលលោកបាននិយាយថានឹង "បង្កើតការជម្លៀសខ្លួនដ៏ច្រើននៃប្រជាជនដែលរត់ភៀសខ្លួនម្តងហើយម្តងទៀត" ចាប់តាំងពីសង្រ្គាមចាប់ផ្តើមមក៕

