គ្រោះរញ្ជួយដីកម្រិត ៥,៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃព្រហស្បតិ៍ ២១ សីហា នេះ ដោយមានការរង្គើកក្រើកដល់ផ្នែកខ្លះនៃទីក្រុងបាងកក និងខេត្តក្បែរនោះរបស់ប្រទេសថៃ បណ្ដាលឱ្យមនុស្សម្នាប្រញាប់ប្រញាល់នាំគ្នារត់ចេញពីអគារខ្ពស់ៗនៅបាងកក យ៉ាងភ័យស្លន់ស្លោរ។
អង្គភាពសង្កេតរញ្ជួយដីនៃក្រសួងឧតុនិយមរបស់ប្រទេសថៃ បាននិយាយថា គ្រោះរញ្ជួយដីនោះបានកើតឡើងនៅម៉ោងក្នុងស្រុក ៩:៥៨នាទីព្រឹក ក្នុងជម្រៅ ១០គីឡូម៉ែត្រ ចម្ងាយប្រហែល ២១១គីឡូម៉ែត្រភាគនិរតីនៃស្រុក Mae Sot ក្នុងខេត្ត Tak របស់ខ្លួន។
រហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍អំពីការខូចខាត ឬការស្លាប់នៅក្នុងប្រទេសថៃទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកជាច្រើនបានរាយការណ៍ថា អ្នកស្រុកនៅក្នុងសង្កាត់មួយចំនួននៃទីក្រុងបាងកក បាននិយាយថា ពួកគេមានអារម្មណ៍ថា អគារបានរង្គើញ័រខ្លាំង ដោយបុគ្គលិកការិយាល័យមួយចំនួន រត់ជម្លៀសខ្លួនយ៉ាងវឹកវរចេញពីអគារខ្ពស់ៗ៕