កោះកុង៖ ប្រជាពលរដ្ឋនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល កំពុងតែត្អូញត្អែរពីការលំបាកធ្វើដំណើរក៏ ដូចជារងផលប៉ះពាល់ដល់សុខភាពប្រចាំថ្ងៃព្រោះតែដីហុយ ខណៈពួកគាត់ទន្ទឹងរង់ចាំការស្ថាបនាផ្លូវកៅស៊ូយូរឆ្នាំមកហើយ តែហាក់គ្មានចំណាត់ការដោះស្រាយ។
ភាពអន្ទះសារចង់បានផ្លូវកៅស៊ូប្រវែងជាង ២០គីឡូម៉ែត្រពីផ្លូវរបងសាលាស្រុកឆ្តោះទៅរមណីយដ្ឋានទេសចរឆ្នេរនេសាទរបស់ប្រជាពលរដ្ឋពុំមែនទើបតែពេលនេះទេ ពោលគឺធ្វើឡើងយូរឆ្នាំមកហើយ ដោយគ្រាន់ថាដំណឹងគម្រោងអភិវឌ្ឍន៍ស្ថាបនា ប៉ុន្តែបែរជាស្ងាត់ឈឹងទៅវិញ។
តំណាងប្រជាពលរដ្ឋរងផលប៉ះពាល់រស់នៅភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង បានឱ្យដឹងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ថា ពួកគាត់ពិបាករស់នៅខ្លាំងណាស់ ជាពិសេសបញ្ហាសុខភាពផ្លូវដង្ហើមតែម្តង ព្រោះតែស្រូបក្លិនធូលីដីបណ្តាលមកយានយន្តបើកបរល្បឿនលឿន។ ចំពោះរដូវវស្សាវិញ រអិលជាប់ផុងគ្រោះថ្នាក់គ្មានថ្ងៃលោះសោះឡើយ។
ទាក់ទិននឹងការស្នើសុំឱ្យមានការស្ថាបនាផ្លូវប្រភេទកៅស៊ូ ឬបេតុងនេះ ត្រូវបានលោក អៀន ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បំភ្លឺថា រៀងរាល់ឆ្នាំមន្ទីរតែជួសជុលខួបជាបណ្តោះអាសន្ន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពលរដ្ឋ និងអ្នកទេសចរ មិនមែនព្រងើយកន្តើយនឹងទុកលំបាកពលរដ្ឋឡើយ។
លោក អៀន ដារ៉ាវុធ ក៏សុំការយោគយល់ពីប្រជាពលរដ្ឋ និងអ្នកទេសចរទាំងអស់ចំពោះការលំបាកធ្វើដំណើរមួយនេះ ទោះយ៉ាងណា នៅខែមីនា ដើមឆ្នាំ២០២២ខាងមុខ នឹងមានការសិក្សាវាយតម្លៃលម្អិតបន្ថែម ព្រមទាំងអភិវឌ្ឍន៍បណ្តើរៗហើយ បើគ្មានអ្វីប្រែប្រួលនោះទេ។
លោក អៀន ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង កំណាត់ផ្លូវលំក្រួសក្រហមប្រវែង ២២គីឡូម៉ែត្រ ទទឹង៧ម៉ែត្រខាងលើនេះ ត្រូវបានលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ស្នើទៅក្រសួងអភិវឌ្ឍន៍ជនបទ កំណត់ដាក់ចូលជាគម្រោងស្ថាបនាជាកៅស៊ូ តាំពីឆ្នាំ២០២០មកម្ល៉េះ តែស្ថានភាពរីករាលដាលជំងឺកូវីដ១៩ តម្រូវការថវិកាដោះស្រាយ ទើបមានភាពយឺតយ៉ាវអនុវត្តផែនការសកម្មភាពមកទល់ម៉ោងនេះ៕ អត្ថបទ ឈឹម មករា