រដ្ឋាភិបាលនូវែលសេឡង់ បានប្រកាសថា ប្រទេសនេះនឹងចំណាយប្រាក់ជិត ៣ពាន់លានដុល្លារនូវែលសេឡង់ (ប្រមាណ ១,៧ពាន់លានដុល្លារអាមេរិក) ក្នុងការធ្វើឱ្យប្រសើរឡើងនូវកងនាវាការពារដ៏ចំណាស់របស់ខ្លួន រួមទាំងការជំនួសយន្តហោះចាស់ៗ "ដ៏គួរឱ្យអាម៉ាស់" ដែលធ្វើឱ្យនាយករដ្ឋមន្ត្រីជាច្រើនរូបស្ទះដំណើរ ក្នុងអំឡុងពេលធ្វើទស្សនកិច្ចអន្តរជាតិ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកស្រី Judith Collins បាននិយាយថា ទឹកប្រាក់ ២ពាន់លានដុល្លារនូវែលសេឡង់ នឹងត្រូវចំណាយទិញឧទ្ធម្ភាគចក្រ MH-60R Seahawk ចំនួន ៥គ្រឿង និង ៧០០ លានដុល្លារនូវែលសេឡង់ ផ្សេងទៀត ទុកទិញយន្តហោះ Airbus A321XLR ចំនួន ២គ្រឿង។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃព្រហស្បតិ៍ (២១ សីហា) នេះ លោកស្រី Collins បាននិយាយថា៖ "ទាំងនេះគឺជាការវិនិយោគម្ដងក្នុងមួយជំនាន់ ដែលជាការចំណាយយ៉ាងសំខាន់លើសន្តិសុខនាពេលអនាគតរបស់នូវែលសេឡង់ និងភាពរុងរឿងរបស់ប្រទេស នៅក្នុងពិភពលោក ដែលភាពតានតឹងកំពុងកើនឡើង ហើយចម្ងាយលែងផ្តល់ការការពារដល់នូវែលសេឡង់ដូចពីមុនទៀតហើយ"។

កាលពីខែមេសា នូវែលសេឡង់ បានសន្យាថា នឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនចំនួន ៩ពាន់លានដុល្លារនូវែលសេឡង់ ក្នុងពេល ៤ឆ្នាំខាងមុខ ហើយមានបំណងចំណាយជិតទ្វេដងដល់ ២% នៃផលិតផលក្នុងស្រុកសរុប GDP ក្នុងពេល ៨ឆ្នាំទៅមុខទៀត ដែលជាផ្នែកមួយនៃផែនការបង្កើនសមត្ថភាពការពាររបស់ខ្លួន៕