ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ( Xi Jinping) បានចូលរួមក្នុងពិធីដ៏ធំមួយ នៅទីក្រុង Lhasa នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏កម្រមួយ ទៅកាន់តំបន់ទីបេ (Tibet) ជាកន្លែងដែលលោកបានជំរុញឲ្យមាន«ការរួបរួមជាតិសាសន៍ និងភាពសុខដុមរមនាផ្នែកសាសនា» នៅក្នុងតំបន់មួយដែលប្រទេសចិនរងការចោទប្រកាន់ពីការរំលោភសិទ្ធិ។
តំបន់មានកម្ពស់ខ្ពស់ដ៏ធំ នៅជាយភាគខាងលិចរបស់ប្រទេសនេះ ដែលត្រូវបានបង្កើតឡើងជាតំបន់ស្វយ័តនៅឆ្នាំ ១៩៦៥ រយៈពេល ៦ឆ្នាំ បន្ទាប់ពីសម្តេចសង្ឃដាឡៃឡាម៉ាទី ១៤ បានភៀសខ្លួនដោយការ និរទេស ធ្លាប់ជាកន្លែងសម្រាប់ការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់បក្សកុម្មុយនីស្ត។

ក្រុមសិទ្ធិមនុស្ស បានចោទប្រកាន់ក្រុមមេដឹកនាំទីក្រុងប៉េកាំងថា បានគាបសង្កត់វប្បធម៌ទីបេ និងដាក់ការឃ្លាំមើលយ៉ាងសំខាន់ បើទោះបីជាអាជ្ញាធរអះអាងថា គោលនយោបាយរបស់ពួកគេ បានជំរុញស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស នៅក្នុងតំបន់ក្រីក្របំផុតមួយរបស់ប្រទេសចិននក៏ដោយ។
លោក ស៊ី ដែលបានមកទស្សនកិច្ចជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០២១ បានថ្លែងប្រាប់ក្រុមមន្ត្រីក្នុងតំបន់កាលពីថ្ងៃពុធថា៖«ដើម្បីគ្រប់គ្រង ធ្វើឲ្យមានស្ថិរភាព និងអភិវឌ្ឍន៍តំបន់ទីបេនេះ យើងត្រូវការពារស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឯកភាពជាតិសាសន៍ និងភាពសុខដុមរមនាផ្នែកសាសនា»។ នេះបើយោងទៅតាមទូរទស្សន៍រដ្ឋ CCTV។
នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមមន្ត្រីបក្ស បានកោតសរសើរចំពោះវឌ្ឍនភាពក្នុងតំបន់ និងបានជំរុញឲ្យមានការរួបរួមជាតិសាសន៍ ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ ដើម្បីប្រារព្ធខួបលើកទី ៦០ នៃការបង្កើតតំបន់ស្វយ័តនេះ។
