មណ្ឌលគិរី៖ វិស័យទេសចរណ៍នៅខេត្តមណ្ឌលគិរី ត្រូវបានគេមើលឃើញថា កាន់តែមានភាពល្អប្រសើរខ្លាំងឡើង បន្ទាប់ពីមានអ្នកទេសចរខ្ទង់ជិត ១ម៉ឺននាក់ ឬ១ម៉ឺននាក់តែម្ដង ចូលមកលេងកម្សាន្តជារៀងរាល់សប្ដាហ៍ ហើយនាឱកាសបុណ្យទានដែលមានថ្ងៃឈប់សម្រាកច្រើនទៀតនោះ មណ្ឌលគិរីអាចទាក់ទាញអ្នកទេសចរច្រើនសន្ធឹកសន្ធាប់រហូតផ្ទះសំណាក់ សណ្ឋគារ រីសតពេញបន្ទប់អស់តែម្ដង ។
ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ងិន សុវិមាន បានប្រាប់តាមទូរស័ព្ទថា នៅក្នុងឆ្នាំ២០២២នេះ មណ្ឌលគិរីនឹងមានអ្នកទេសចរកាន់តែច្រើនចូលមកទស្សនាកកម្សាន្ត ព្រោះជំងឺកូវីដ១៩ បានថមថយច្រើនខ្លាំងណាស់ ពិសេសនោះគឺក្រោមការដឹកនាំប្រកបដោយសុខសន្តិភាពរបស់សម្ដេចតេជោ បានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពល្អ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ដើរលេងកម្សាន្ត គួបផ្សំជាមួយខេត្តមណ្ឌលគិរី មានកន្លែងកម្សាន្តស្អាតៗជាច្រើន អាកាលធាតុត្រជាក់ និងជាតំបន់ប្រជុំភ្នំ ដែលទាក់ទាញខ្លាំងបំផុត ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី បន្ថែមថា នៅក្នុងឆ្នាំ២០២២ខេត្តមណ្ឌលគិរីក៏មានផែនការពីថ្នាក់ក្រសួងឲ្យអភិឌ្ឍន៍លើវិស័យទេសចណ៍ឲ្យកាន់តែប្រសើរជាងនេះទៀត ប៉ុន្តែគោលដៅនឹងត្រូវអភិវឌ្ឍន៍តំបន់ណាមុនគេនោះមិនទាន់ដឹងច្បាស់នោះទេ ព្រោះរងចាំជជែកជាមួយដៃគូរវិនិយោគសិន ។
លោកបន្តថា ទោះជាបច្ចុប្បន្នជំងឺកូវីដ១៩បានធូរស្រាលហើយក្ដី ប៉ុន្តែមន្ត្រីជំនាញនៅតែមានការបារម្ភ និងនៅតែពង្រឹងវិធានការ ៣កុំ ៣ការពារ យ៉ាងខ្ជាប់ខ្ជួនដដែល ។
សូមរម្លឹកថា កាលពីឱកាសបុណ្យឆ្លងឆ្នាំសកលកន្លងទៅ ខេត្តមណ្ឌលគិរីមានអ្នកទេសចរមកលេងយ៉ាងច្រើន ក្នុងនោះនៅថ្ងៃទី៣១ធ្នូ២០២១ ទេសចរដែលបានមកទស្សនាកម្សាន្តតាមគោលដៅទេសចរណ៍នានា សរុបប្រមាណ ១៨,៩៩៦នាក់ កើន៧៧,៣០% ។ ចំណែកនៅថ្ងៃទី០១មករា២០២២ មានទេសចរប្រមាណ ១៩,៦៤០នាក់ឯណ្ណោះ ។ គោលដៅទេសចរណ៍ដែលភ្ញៀវនិយមទៅកម្សាន្ត មានភ្នំអណ្ដូងស្នេហ៍ ទឹកធ្លាក់លែងអងលែងឃិន ទឹកជ្រោះប៊ូស្រា ភ្នំណាមលៀ សមុទ្រឈើ ភ្នំដោះក្រមុំ និងតំបន់ទេសចរណ៍ជាច្រើនទៀត ៕ អ៊ិត ភីរុណ



