បើយោងតាមរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានឲ្យដឹងថា រុស្ស៊ីអះអាងថា ខ្លួនមានឆន្ទៈក្នុងការផ្តល់ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន។ ប៉ុន្តែពួកគេត្រូវតែធានាដោយឈរលើមូលដ្ឋានស្មើភាពដោយមានការចូលរួមពីប្រទេសចិន សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន។
លោក Lavrov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីថា៖ «ការធានាសន្តិសុខរបស់អ៊ុយក្រែន ត្រូវតែត្រូវបានធានាដោយឈរលើមូលដ្ឋានស្មើភាព ពីសំណាក់ប្រទេសនានា ដូចជាប្រទេសចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំងជាដើម។ ប៉ុន្តែបើគ្មានការចូលរួមពីរុស្ស៊ីទេនោះ នេះមិនមែនជាផ្លូវនាំទៅកាន់ការសម្រេចបាននូវជោគជ័យឡើយ»។
លោកបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំមានទំនុកចិត្តថា នៅលោកខាងលិច ជាពិសេសនៅសហរដ្ឋអាមេរិក ពួកគេយល់យ៉ាងច្បាស់ដោយគ្មានមន្ទិលអ្វីឡើយ ដែលថា ការពិភាក្សាយ៉ាងម៉ត់ចត់ ស្ដីពីបញ្ហាសន្តិសុខដោយគ្មានរុស្ស៊ីចូលរួមទេនោះ គឺមិនមែនជាផ្លូវសម្រេចបានជោគជ័យឡើយ»។

គួរបញ្ជាក់ថា អំឡុងកិច្ចប្រជុំដែលមានប្រធានាធិបតីអ៊ុយក្រែន សហរដ្ឋអាមេរិក និងបណ្ដាមេដឹកនាំអឺរ៉ុប នៅសេតវិមាន កាលពីថ្ងៃទី១៨ ខែសីហា ប្រធានបទសំខាន់នៃការពិភាក្សា គឺការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន។ សម្ព័ន្ធមិត្តកំពុងពិចារណាផ្តល់ការធានានេះតាមគោលការណ៍នៃមាត្រា ៥ របស់អង្គការណាតូ ប៉ុន្តែនៅខាងក្រៅសម្ព័ន្ធភាព។
លោក Donald Trump បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងចូលរួមក្នុងដំណើរការនេះ ប៉ុន្តែបណ្តាប្រទេសនៅអឺរ៉ុប គួរតែដើរតួនាទីនាំមុខ។ ជាមួយគ្នានេះ លោកបានច្រានចោលការបញ្ជូនទាហានអាមេរិកទៅអ៊ុយក្រែន។ ប៉ុន្តែការបដិសេធនោះមិនត្រូវបានរាប់បញ្ចូលឡើយ ដែលថា សហរដ្ឋអាមេរិកអាចផ្តល់ឲ្យអ៊ុយក្រែននូវការគាំទ្រផ្លូវអាកាសក្រោមវិធានការធានាសន្តិសុខ៕


