ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយថា លោកមានបំណងរក្សាកិច្ចព្រមព្រៀងមានស្រាប់ជាមួយប្រទេសជប៉ុន ពាក់ព័ន្ធនឹងការគ្រប់គ្រងអាណានិគមរបស់ប្រទេសនេះ លើឧបទ្វីបកូរ៉េ ក្នុងនោះរួមទាំងកិតិសញ្ញា ស្ដីពីប្រព្រឹត្តលើស្ត្រីកូរ៉េដែលត្រូវបានបង្ខំឲ្យធ្វើការនៅក្នុងផ្ទះបនយោធារបស់ខ្លួនផងដែរ។
កេរដំណែលនៃការដាក់អាណានិគមរបស់ប្រទេសជប៉ុន ពីឆ្នាំ១៩១០ ដល់ឆ្នាំ១៩៤៥ គឺមានភាពរសើបផ្នែកនយោបាយ សម្រាប់ប្រទេសទាំង២ ដោយស្ត្រីនៅរស់រានមានជីវិតជាច្រើននាក់ ពីអ្វីដែលគេហៅថា «នារីលួងលោមជួយសម្រាលទុក្ខ» ដែលជាពាក្យសម្រាលរបស់ជនជាតិជប៉ុន ចំពោះជនរងគ្រោះពីការរំលោភបំពានផ្លូវភេទ នៅតែទាមទារឲ្យមានការសុំទោស និងការផ្ដល់សំណងជាផ្លូវការពីទីក្រុងតូក្យូ។

លោក Lee ដែលគណបក្សប្រជាធិបតេយ្យសេរីនិយមរបស់លោក បានជំទាស់នឹងកិច្ចព្រមព្រៀងនោះ បានធ្វើការអត្ថាធិប្បាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន Yomiuri Shimbun របស់ប្រទេសជប៉ុនដែលបានចេញផ្សាយនៅថ្ងៃទី២១ ខែសីហា មុនពេលមានកិច្ចប្រជុំកំពូលរបស់លោក នៅទីក្រុងតូក្យូ ក្នុងសប្តាហ៍នេះ ជាមួយនាយករដ្ឋមន្រ្តី លោក Shigeru Ishiba។
លោក Lee បានប្រាប់សារព័ត៌មាននោះដោយសំដៅលើកតិកាសញ្ញាឆ្នាំ២០១៥ ថា៖ «សម្រាប់ប្រជាជនកូរ៉េខាងត្បូង កិច្ចព្រមព្រៀងនោះដែលសម្រេចបានដោយរដ្ឋបាលមុន គឺពិបាកទទួលយកណាស់ ប៉ុន្តែវាគឺជាការសន្យា ក្នុងនាមជាប្រជាជាតិមួយ ដូច្នេះ វាមិនគួរត្រូវបានលុបចោលនោះឡើយ»។
នៅក្នុងកិច្ចព្រមព្រៀងដែលត្រូវបានឈានដល់ជាមួយរដ្ឋាភិបាលអភិរក្សនិយមរបស់កូរ៉េខាងត្បូង នាពេលនោះ ប្រទេសជប៉ុនបានសុំទោសដល់ជនរងគ្រោះ និងបានផ្តល់ប្រាក់ចំនួន ១ពាន់លានយ៉េន (៦,៨លានដុល្លារ) ដល់មូលនិធិជួយពួកគេ។ ហើយរដ្ឋាភិបាលទាំង២ បានយល់ស្របថា បញ្ហានេះនឹងត្រូវបាន «ដោះស្រាយទាំងស្រុង» ប្រសិនបើប្រទេសទាំង២ បានបំពេញកាតព្វកិច្ចរបស់ខ្លួន៕
