ក្រុមអ្នកជំនាញខាងប្រឆាំងភេរវកម្មរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ក្រុមជ្រុលនិយម Daesh កំពុងបង្កអស្ថិរភាព នៅក្នុងទ្វីបអាហ្រ្វិក និងស៊ីរី ហើយនៅតែគំរាមកំហែងយ៉ាងសំខាន់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អាស៊ីកណ្តាល និងអឺរ៉ុប។
ក្រុមអ្នកជំនាញ បានប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា បច្ចុប្បន្ននេះ ក្រុមសកម្មប្រយុទ្ធនេះ កំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប រួមទាំងបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្កបញ្ហាប្រឈមថ្មីមួយ។

ក្រុម Daesh ដែលប្រើឈ្មោះរដ្ឋឥស្លាម បានប្រកាសជារដ្ឋកាលីហ្វដោយខ្លួនឯង នៅក្នុងទឹកដីដ៏ធំនៃប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលខ្លួនដណ្តើមបាននៅក្នុងឆ្នាំ ២០១៤។ ក្រុមនេះ ត្រូវបានគេប្រកាសថា បានបរាជ័យ នៅក្នុងប្រទេសអ៊ីរ៉ាក់ ក្នុងឆ្នាំ ២០១៧ បន្ទាប់ពីការប្រយុទ្ធគ្នារយៈពេល ៣ឆ្នាំ ដែលបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ ស្លាប់ និងទីក្រុងនានាត្រូវខ្ទេចខ្ទាំ ប៉ុន្តែក្រុមសម្ងាត់ជាច្រើនរបស់ក្រុមនេះ នៅតែមាននៅក្នុងប្រទេសទាំងពីរ និងមានសាខា និងអ្នកគាំទ្ររបស់ខ្លួន នៅក្នុងប្រទេសមួយចំនួន។
លោក លោក Vladimir Voronkov ដែលជាប្រធានការិយាល័យប្រឆាំងភេរវកម្មរបស់UN បាននិយាយថា អង្គការសហប្រជាជាតិ បានឃើញសកម្មភាពឡើងវិញដោយក្រុម Daesh នៅតំបន់ Sahel ក្នុងប្រទេសប៊ួគីណាហ្វាសូ ម៉ាលី និងនីហ្សេរីយ៉ា ហើយនៅអាហ្វ្រិកខាងលិច ដែលក្រុមនេះ បានលេចចេញជា «អ្នកធ្វើការការឃោសនាអំពីភេរវកម្មដ៏សម្បូរបែប និងទាក់ទាញប្រយុទ្ធជនភេរវកម្មបរទេសច្រើន ពីក្នុងតំបន់នេះ។
