អង្គការឃ្លាំមើលនុយក្លេអ៊ែរអន្តរជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងដែលខ្លួនបានសង្កេតឃើញពីការវិវត្តកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ដោយចោទប្រកាន់ប្រទេសនេះថាកំពុងសាងសង់រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមថ្មី។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិកាលពីដើមខែនេះ បានចេញផ្សាយរបាយការណ៍ស្តីពីការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង នៅមុនសន្និសីទប្រចាំឆ្នាំរបស់ខ្លួន និងកិច្ចប្រជុំគណៈគ្រប់គ្រងដែលនឹងប្រព្រឹត្តទៅនៅខែកញ្ញា ខាងមុខ។

ទីភ្នាក់ងារ IAEA បានវិភាគរូបភាពពីផ្កាយរណបនិងប្រភពបើកចំហដែលសង្កេតឃើញការចាប់ផ្តើមការងារសាងសង់អគារកម្ពស់ពីរជាន់នៅទីក្រុង Nyongbyon ភាគពាយ័ព្យប្រទេសកាលពីខែធ្នូ ឆ្នាំមុន ដែលបានបញ្ចប់ទាំងស្រុងកាលពីខែឧសភា។
ទីភ្នាក់ងារនិយាយថាការសាងសង់អគារនិងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធ នៅតែដំណើរការហើយទីភ្នាក់ងារបានចាត់ទុកចំណាត់ការនេះថាជាការសាងសង់រោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមបន្ថែមទៀតដែលកំពុងដំណើរការនៅទីក្រុង Nyongbyon។
ទីភ្នាក់ងារក៍បានកត់សម្គាល់ផងដែរថា អគារថ្មីនេះមានទំហំនិងលក្ខណៈពិសេសស្រដៀងនឹងរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅទីក្រុង Kangson ជិតទីក្រុងព្យុងយ៉ាង។
