ដោយនាំយកការគាំទ្ររបស់សេតវិមានទៅកាន់ដងដងផ្លូវនានាក្នុងទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance និងរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានទៅជួបជាមួយកងទ័ពឆ្មាំជាតិនៅស្ថានីយ៍រថភ្លើងធំរបស់ទីក្រុង។
លោក អនុប្រធានាធិបតីបានអះអាងថា «យើងបាននាំយកច្បាប់ និងសណ្តាប់ធ្នាប់មួយចំនួនត្រឡប់មកវិញ» ខណៈក្រុមបាតុករបានស្រែកថា «សេរីភាពទីក្រុងវ៉ាស៊ីនតោនឌី.ស៊ី» ក្នុងអំឡុងពេលមានភាពតានតឹងចុងក្រោយពីការបង្រ្កាបឧក្រិដ្ឋកម្មរបស់ប្រធានាធិបតី លោក Donald Trump នៅក្នុងរដ្ឋធានីរបស់ប្រទេស។
លោក Vance បាននិយាយខណៈលោកបានបង្ហាញនំប៊ឺហ្គឺដល់កងទ័ពថា «យើងកោតសរសើរចំពោះអ្វីៗគ្រប់យ៉ាងដែលអ្នកកំពុងធ្វើ»។ លោក Vance បាននិយាយដោយលើកឡើងពីក្រុមអ្នកតវ៉ាស្រែកឲ្យខ្ទរនៅស្ថានីយនីយ៍រថភ្លើង ដែល «ពួកគេទំនងជាស្អប់គំនិតដែលថាប្រជាជនអាមេរិកអាចរីករាយជាមួយសហគមន៍របស់ខ្លួន»។
ការបង្ហាញខ្លួនរបស់ លោក Vance និងលោក Hegseth រួមមានទាំងនាយសេនាធិការរងសេតវិមានលោក Stephen Miller គឺជាព្រឹត្តិការណ៍ដ៏គួរឱ្យចាប់អារម្មណ៍ដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រដ្ឋបាលគណបក្សសាធារណៈរដ្ឋជុំវិញស្ថានភាពនៅទីក្រុងវ៉ាស៊ីនតោន។