ពលរដ្ឋប៉ាឡេស្ទីន បានរត់ទៅកាន់ទីសុវត្ថិភាពនៅថ្ងៃព្រហស្បតិ៍ ទី២១ សីហានេះ ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានធ្លាក់ទៅលើទីក្រុង Deir al-Balah។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីអ៊ីស្រាអែលបានប្រកាសពីជំហានដំបូងនៃប្រតិបត្តិការដើម្បីដណ្តើមការគ្រប់គ្រងទីក្រុងហ្កាហ្សា។

អ៊ីស្រាអែល បានកោះហៅទាហានបម្រុងរាប់ម៉ឺននាក់ ខណៈខ្លួនកំពុងរុលចូលទៅមុខជាមួយនឹងផែនការក្នុងការដណ្តើមយកមជ្ឈមណ្ឌលទីក្រុងធំបំផុតនៅតំបន់ហ្កាហ្សា ទោះបីជាមានការរិះគន់ពីអន្តរជាតិចំពោះប្រតិបត្តិការដែលទំនងជាបង្ខំឱ្យមានការជម្លៀសប្រជាជនប៉ាឡេស្ទីនជាច្រើននាក់ទៀតក៏ដោយ។ បច្ចុប្បន្នអ៊ីស្រាអែលគ្រប់គ្រងបានប្រហែល៧៥% នៃតំបន់ហ្កាហ្សាស្ទ្រីប។
ប្រជាជនប៉ាឡេស្ទីនជាង៦២.០០០នាក់ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាទាំងតាមអាកាសនិងដីគោក នេះបើយោងតាមអាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា ប៉ុន្តែពុំបាននិយាយថាអ្នកស្លាប់ប៉ុន្មាននាក់ជាសកម្មប្រយុទ្ធនោះទេ គ្រាន់តែបាននិយាយថាភាគច្រើននៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ។

