ភ្នំពេញ៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) បានធ្វើការប្ដេជ្ញាចិត្តរួមគ្នា នឹងស្ដារវិស័យទេស ចរណ៍ក្នុងតំបន់នេះឡើងវិញ បន្ទាប់ពីត្រូវបានយាយីដោយសារបញ្ហាកូវីដ-១៩។
នៅឯខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមករានេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី (ចិន ជប៉ុន និងកូរ៉េ) បានបើកកិច្ចប្រជុំរបស់ខ្លួនលើកទី២១ ដោយបានពិភាក្សាលើរបៀបវារៈមួយចំនួន ដែលបានគ្រោងទុក ពិសេសធ្វើការពិភាក្សាគ្នារកដំណោះស្រាយស្របគ្នា ដែលត្រូវអនុវត្តរួមគ្នា ដើម្បីជំរុញការបើកចលនាទេសចរណ៍អាស៊ានបូកបីឡើងវិញ ដែលមានការទប់ស្កាត់បាននូវការរាតត្បាតមេរោគកូវីដ-១៩។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងជាសហប្រធានកិច្ចប្រជុំនេះ បានឱ្យដឹងថា កិច្ចប្រជុំ បានធ្វើការពិភាក្សាយ៉ាងផុសផុល និងបានវាយតម្លៃផងដែរលើលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ានបូកបី ឆ្នាំ២០២១-២០២៥ ដែលផ្តោតលើចំណុចសំខាន់ចំនួនពីរ រួមមាន ១. ការស្តារវិស័យទេសចរណ៍ប្រទេសអាស៊ានបូកបីឡើងវិញ និង២.ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែប្រសើរឡើង សំដៅដល់ការអភិវឌ្ឍទេសចរណ៍អាស៊ានបូកបី ប្រកបដោយចីរភាព ការទទួលខុសត្រូវ និងមានភាពធន់កាន់តែប្រសើរឡើង។
ឯកឧត្តម បានបញ្ជាក់ថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំ ពោះការធ្លាក់ចុះទេសចរអន្តរជាតិ ប្រមាណ៨១.៥ភាគរយ នៅឆ្នាំ២០២០ ដែលបានធ្វើប៉ះពាល់ដល់ការ ងាររាប់លាននាក់ ដោយសារការបិទអាជីវកម្ម និងការរឹតបន្តឹងការធ្វើដំណើរជាដើម ហើយរដ្ឋមន្ត្រីទាំងអស់ បានពិភាក្សា និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីជំរុញចលនាទេសចរណ៍ក្នុងប្រទេសអាស៊ានបូកបីឡើងវិញ។
ឯកឧត្តម បានបញ្ជាក់ទៀតថា នៅចំពោះមុខស្ថានភាពដ៏លំបាកនេះ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី បានស្វាគមន៍ដល់ការចាប់ផ្តើម នៃការបើកទេសចរណ៍អាស៊ានឡើងវិញ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត ដើម្បីពិនិត្យលទ្ធភាពជំរុញទេសចរណ៍ក្នុងតំបន់នេះ ដោយតម្កល់សុវត្ថិភាព និងសុខុមាលភាពរបស់ទេសចរជាចម្បង។
រដ្ឋមន្ត្រីបូកបី បានសម្តែងការកោតសរសើរចំពោះកម្ពុជា ដែលធ្វើឲ្យវេទិកាទេសចរណ៍អាស៊ានកើតមានឡើងដោយផ្ទាល់នៅលើទឹកដីខេត្តព្រះសីហនុ ក្នុងស្ថានភាពនៃការរីករាលជំងឺកូវីដ-១៩ និងក្នុងការដឹកនាំរៀបចំគោលការណ៍ណែនាំអាស៊ាន ស្តីពីសុវត្ថិភាព និងអនាម័យសម្រាប់អ្នកបម្រើការងារ និងសហគមន៍ក្នុងឧស្សាហកម្មទេសចរណ៍ និងឡាប៊ែល «អាស៊ាន៖ ភាពកក់ក្តៅ និងសុវត្ថិភាព ASEAN Stamp: Warm & Safe»៕ អត្ថបទ៖ ស៊ុម សុខជា