ប្រមុខសាជីវកម្មនុយក្លេអ៊ែររដ្ឋរបស់រុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) នេះ ដែលបាននិយាយថា ខែលការពារនុយក្លេអ៊ែររបស់រុស្ស៊ី គួរតែត្រូវបានធ្វើឲ្យប្រសើរឡើង នៅប៉ុន្មានឆ្នាំខាងមុខ ដោយសារត្រូវប្រឈមនឹងការគំរាមកំហែងដ៏ធំសម្បើម។
ទាំងរុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ក្នុងនោះរួមមានទាំងប្រព័ន្ធដែលប្រើ ដើម្បីអង្កេតរក និងស្ទាក់ចាប់មីស៊ីលបំពាក់នុយក្លេអ៊ែរ នាពេលខាងមុខ ក្នុងពេលដែលប្រទេសចិនបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនលើសពីប្រទេសអង់គ្លេស និងបារាំង។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី RIA បានដកស្រង់សម្តីលោក Alexei Likhachev ដែលបាននិយាយថា៖ ឥឡូវនេះ នៅក្នុងស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន គឺជាពេលវេលានៃការគំរាមកំហែងដ៏ធំសម្បើម ចំពោះអត្ថិភាពនៃប្រទេសរបស់យើង។ ហេតុដូច្នេះ ខែលការពារនុយក្លេអ៊ែរ ដែលជាអាវុធវាយប្រហារដែរនោះ គឺជាការផ្ដល់ការធានាដល់អធិបតេយ្យភាពរបស់យើង។ នពេលនេះ យើងយល់ថា ខែលការពារនុយក្លេអ៊ែរ ត្រូវតែត្រូវបានធ្វើឲ្យប្រសើរឡើងក្នុងប៉ុន្មានឆ្នាំខាងមុខ»។
សម្រាប់សហរដ្ឋអាមេរិក ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីខែឧសភា បានបង្ហាញផែនការសម្រាប់ខែលការពារមីស៊ីលឈ្មោះ «Golden Dome» ដែលត្រូវបានបំផុសគំនិតដោយយកគំរូតាមខែលការពារ Iron Dome ដែលមានមូលដ្ឋាននៅទឹកដីអ៊ីស្រាអែល ជាគម្រោងដែលនឹងត្រូវចំណាយយ៉ាងហោចណាស់ ១៧៥ពាន់លានដុល្លារ៕
