ប្រធានក្រុមប្រឹក្សាដឹកនាំប្រធានាធិបតីនៃប្រទេសយេម៉ែនលោក Rashad al-Alimi បានជួបជាមួយបេសកជនពិសេសរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Hans Grundberg នៅរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវដំណើរការសន្តិភាព ដែលជាប់គាំងនោះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Saba របស់ប្រទេសយេម៉ែន កិច្ចប្រជុំនេះ បានផ្តោតលើការវិវឌ្ឍនៃកិច្ចខិតខំប្រឹងប្រែងការទូតអន្តរជាតិ ដើម្បីចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ នៅក្នុងប្រទេសអារ៉ាប់ដែលហែកហួរដោយសង្រ្គាម។

លោក Al-Alimi បានសង្កត់ធ្ងន់លើសារៈសំខាន់នៃរបាយការណ៍សង្ខេបពីមុនរបស់លោក Grundberg ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសទាក់ទងនឹងវិធានការកាត់បន្ថយ ការកែលម្អសេដ្ឋកិច្ច និងការដោះលែងបុគ្គលិករបស់អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ដែលត្រូវបានឃុំខ្លួនដោយក្រុមហ៊ួទី។
មេដឹកនាំប្រទេសយេម៉ែនរូបនេះ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់រដ្ឋាភិបាលរបស់លោក ចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងគោលបំណង ដើម្បីសម្រេចបាននូវសន្តិភាព នៅក្នុងប្រទេសដែលត្រូវបានបំផ្លាញដោយជម្លោះជាច្រើនឆ្នាំមកនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ការិយាល័យរបស់លោក Grundberg បាននិយាយថា បេសកជនរូបនេះ និងលោក Al-Alimi បានពិភាក្សាអំពី `តម្រូវការបន្ទាន់ ដើម្បីដោះស្រាយស្ថានភាពរស់នៅដែលកាន់តែយ៉ាប់យ៉ឺនសម្រាប់ប្រទេសយេម៉ែន និងធ្វើឲ្យមានវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងនយោបាយ ដែលបើកផ្លូវឈានទៅរកសន្តិភាពដ៏ត្រឹមត្រូវ និងនិរន្តរភាព»។
