ក្រសួងការបរទេស នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសអ៊ូហ្គង់ដាបានចុះកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីទទួលយកជនជាតិពីប្រទេសទី៣ ដែលមិនអាចទទួលបានសិទ្ធិជ្រកកោន នៅសហរដ្ឋអាមេរិក តែមានការរារែកក្នុងការវិលត្រលប់ទៅប្រទេសដើមរបស់ខ្លួនវិញ។
លោកប្រធានាធិបតី Donald Trump មានគោលបំណងនិរទេសជនអន្តោប្រវេសន៍រាប់លាននាក់ ដែលបានចូលទៅរស់នៅសហរដ្ឋអាមេរិកដោយខុសច្បាប់ ហើយរដ្ឋបាលរបស់លោក បានស្វែងរកការបង្កើនការយកទៅកាន់ប្រទេសទី៣ ក្នុងនោះរួមមានទាំងការបញ្ជូនឧក្រិដ្ឋជនដែលត្រូវបានកាត់ទោសទៅកាន់ប្រទេសស៊ូដង់ខាងត្បូង និងអេស្វាទីនីផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Vincent Bagiire Waiswa លេខាធិការអចិន្ត្រៃយ៍របស់ក្រសួង បានឲ្យដឹងថា៖ «នេះគឺជាការរៀបចំបណ្តោះអាសន្ន ដោយមានលក្ខខណ្ឌជាច្រើន ដែលក្នុងនោះរួមទាំងបុគ្គលមានប្រវត្តិប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ និងអនីតិជនមិនមានអ្នករួមដំណើរជាមួយ នឹងមិនត្រូវបានទទួលយកឡើយ»។
លោក Waiswa បានបន្ថែមថា អ៊ូហ្គង់ដាចង់ទទួលយកអ្នកដែលមានសញ្ជាតិអាហ្វ្រិក ក្រោមកិច្ចព្រមព្រៀង។ លោកបានបញ្ជាក់ថា៖ «ភាគីទាំង២ កំពុងធ្វើការលើទម្រង់លម្អិត អំពីរបៀបដែលកិច្ចព្រមព្រៀងត្រូវបានអនុវត្ត»។
អ៊ូហ្គង់ដា ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាហ្រ្វិកខាងកើត ក៏ផ្ដល់ទីជ្រកកោនដល់ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជិត ២លាននាក់ផងដែរ ដែលភាគច្រើនមកពីប្រទេសក្នុងតំបន់ ដូចជា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ស៊ូដង់ខាងត្បូង និងស៊ូដង់៕
