នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែសីហា) នេះ ក្នុងទីក្រុង Islamabad រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Ishaq Dar ថា ប្រទេសចិនមានឆន្ទៈ ក្នុងការសហការជាមួយប៉ាគីស្ថាន ក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងការជីករ៉ែ។
ជាមួយនេះ លោក Wang ក៏បានលើកឡើងដែរថា ទីក្រុងប៉េកាំង នឹងបន្តគាំទ្រប៉ាគីស្ថាន ក្នុងការការពារឯករាជ្យជាតិ អធិបតេយ្យភាព និងបូរណភាពដែនដី ហើយនិងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដោយលោកបានបន្ថែមថា ប្រទេសចិននឹងបន្តផ្តល់អាទិភាពដល់ប៉ាគីស្ថាន ក្នុងទំនាក់ទំនងការទូត នៅក្នុងតំបន់របស់ខ្លួន។
លើសពីនេះទៀត លោក Wang បានសង្កតធ្ងន់ថា ប្រទេសទាំង២ គួរតែរួមគ្នាធ្វើការ ដើម្បីការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី និងប្រឆាំងនឹងការគំរាមកំហែងជាឯកតោភាគី ហើយធ្វើឲ្យប្រសើរឡើងនូវច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC)៕