លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២១ សីហា ថា អ៊ីស្រាអែលនឹងបន្តការចរចារឡើងវិញភ្លាមៗសម្រាប់ការដោះលែងចំណាប់ខ្មាំងទាំងអស់ដែលត្រូវបានជាប់ឃុំនៅតំបន់ហ្កាហ្សា និងការបញ្ចប់សង្គ្រាមជិតពីរឆ្នាំ ប៉ុន្តែតាមលក្ខខណ្ឌដែលអាចទទួលយកបានសម្រាប់អ៊ីស្រាអែល។

មន្ត្រីអ៊ីស្រាអែលមួយរូបនិយាយថា នេះជាការឆ្លើយតបលើកដំបូងរបស់លោក Netanyahu ចំពោះសំណើបទឈប់បាញ់បណ្តោះអាសន្នដែលធ្វើឡើងដោយអេហ្ស៊ីប និងកាតា ដែលក្រុមហាម៉ាស បានទទួលយកកាលពីថ្ងៃចន្ទ។ អ៊ីស្រាអែលនឹងបញ្ជូនក្រុមអ្នកចរចាទៅចរចានៅពេលទីតាំងមួយត្រូវបានកំណត់។
ថ្លែងទៅកាន់ទាហាននៅជិតព្រំដែនអ៊ីស្រាអែលជាមួយតំបន់ហ្កាហ្សា លោក Netanyahu បាននិយាយថា លោកនៅតែកំណត់លើការយល់ព្រមលើផែនការកម្ចាត់ក្រុមហាម៉ាស និងដណ្តើមយកទីក្រុង ហ្កាហ្សា ជាមជ្ឈមណ្ឌលដែលមានប្រជាជនរស់នៅយ៉ាងច្រើននៅចំកណ្ដាលដែនដីប៉ាឡេស្ទីនដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធមួយនេះ។
ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ខណៈរថក្រោះអ៊ីស្រាអែលបានរំកិលទៅជិតទីក្រុង ហ្កាហ្សាក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយនេះ។
ផែនការរបស់អ៊ីស្រាអែលក្នុងការដណ្តើមយកទីក្រុង ហ្កាហ្សា ត្រូវបានអនុម័តក្នុងខែនេះដោយគណៈរដ្ឋមន្ត្រីសន្តិសុខដែលលោក Netanyahu ជាប្រធាន ទោះបីជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែលជាច្រើនបានជំរុញឱ្យរដ្ឋាភិបាលមួយនេះ ពិចារណាឡើងវិញក៏ដោយ៕


