រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានលើកឡើងកាលថ្ងៃព្រហស្បតិ៍ (២១ សីហា) ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានត្រៀមរួចរាល់ហើយក្នុងការជួបប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ប៉ុន្តែបញ្ហាទាំងឡាយត្រូវតែដោះស្រាយឱ្យរួចជាមុនសិន ហើយនៅតែមានសំណួរពីសិទ្ធិអំណាចស្របច្បាប់របស់លោក Zelenskiy ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពណាមួយ។

លោក Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump បានបើកជំនួបកំពូលរុស្ស៊ី-អាមេរិកជាលើកដំបូង ក្នុងពេលជាង ៤ឆ្នាំកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅ នៅរដ្ឋអាឡាស្កា ហើយមេដឹកនាំទាំងពីរពិភាក្សាពីវិធីសាស្រ្តបញ្ចប់សង្រ្គាមអ៊ុយក្រែន។ បន្ទាប់ពីកិច្ចប្រជុំកំពូលអាឡាស្កានេះ លោក Trump បញ្ជាក់ថា លោកចាប់ផ្តើមរៀបចំជំនួបរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន រួចនឹងបន្តដោយកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រធានាធិបតីអាមេរិក។
នៅពេលត្រូវសាកសួរថាតើលោក Putin មានឆន្ទៈជួបលោក Zelenskiy ដែរឬទេ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឆ្លើយថា "ប្រធានាធិបតីរុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា លោកតែងត្រៀមខ្លួនជាស្រេចដើម្បីជួប រួមទាំងជាមួយលោក Zelenskiy ផងដែរ"។ ទោះយ៉ាងនេះក្ដី លោក Lavrov បន្តថា "នៅពេលមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយនាពេលអនាគត បញ្ហានៃភាពស្របច្បាប់របស់អ្នកចុះហត្ថលេខាទាំងនេះពីភាគីអ៊ុយក្រែន នឹងត្រូវតែដោះស្រាយ"។
គួរឱ្យដឹងថា លោក Putin បានលើកការសង្ស័យម្តងហើយម្តងទៀតពីភាពស្របច្បាប់របស់លោក Zelenskiy ខណៈអាណត្តិប្រធានាធិបតីអ៊ុយក្រែនរបស់លោកផុតកំណត់នៅខែឧសភា ឆ្នាំ២០២៤ ប៉ុន្តែដោយសារប្រទេសមានសង្រ្គាម នោះន័យថាមិនទាន់មានការបោះឆ្នោតរើសប្រធានាធិបតីថ្មីនៅឡើយទេ។ ទីក្រុងគីវធ្លាប់និយាយរួចហើយថា លោក Zelenskiy នៅតែជាប្រធានាធិបតីស្របច្បាប់ជានិច្ច៕

